មិត្តភក្តិរបស់ខ្ញុំម្នាក់ បានឲ្យដើមផ្កាមួយដើម សម្រាប់ដាំលម្អរក្នុងផ្ទះ។ គាត់មានដើមផ្កានោះជាង៤០ឆ្នាំមកហើយ។ រុក្ខជាតិនោះមានកម្ពស់ស្មើមួយជំហរខ្លួនខ្ញុំ ហើយវាមានស្លឹកធំៗ នៅលើមែកតួចៗបីដើម ដែលមានរាងមូលទ្រវែង។ យូរៗទៅ ទម្ងន់របស់ស្លឹកទាំងនោះ ក៏បានធ្វើឲ្យមែកទាំងបី កោងចុះក្រោមទៅរកកម្រាលឥដ្ឋ។ ដើម្បីតម្រង់មែកទាំងនោះ ខ្ញុំបានដាក់កំណល់ពីក្រោមផើងផ្កានោះ ហើយយកវាទៅដាក់នៅក្បែរបង្អួច ដើម្បីឲ្យពន្លឺអាចនាំស្លឹកបែរទៅលើ ហើយជួយកែតម្រង់ឥរិយាបថដ៏អាក្រក់របស់វា។
បន្ទាប់ពីខ្ញុំបានទទួលដើមផ្កានេះ មិនទាន់បានយូរប៉ុន្មានផង ខ្ញុំក៏បានឃើញដើមផ្កាមួយទៀត ដូចដើមផ្កានេះដែរ នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ក្រុមហ៊ុនក្នុងតំបន់មួយ។ វាបានលូតលាស់ ដោយមានមែកតូចៗវែងៗបីដើម ប៉ុន្តែ គេបានចងពួកវាផ្អោបគ្នា ដើម្បីបង្កើតជាដើមមួយ ដែលធំ និងរឹងមាំជាងមុន។ ដើមនេះក៏បានឈរត្រង់ទៅលើ ដោយខ្លួនឯងបាន។
មនុស្សពីរនាក់អាចរស់នៅជាមួយគ្នា ក្នុងផ្ទះតែមួយ អស់ជាច្រើនឆ្នាំ តែចិត្តរបស់ពួកគេឃ្លាតឆ្ងាយពីគ្នាកាន់តែខ្លាំង ហើយក៏បានទទួលផលប្រយោជន៍កាន់តែតិចតួចពីទំនាក់ទំនង ដែលព្រះទ្រង់សព្វព្រះទ័យឲ្យអរសប្បាយ។ តែពេលដែលជីវិតរបស់ពួកគេបានចងភ្ជាប់គ្នា ជាមួយព្រះ នោះពួកគេក៏មានភាពនឹងនរ និងជិតស្និតកាន់តែខ្លាំង។ ទំនាក់ទំនងរបស់ពួកគេនឹងមានភាពរឹងមាំកាន់តែខ្លាំង។ ដូចមានសេចក្តីចែងថា “ពួរ៣ធ្លុងមិនងាយដាច់ទេ”(សាស្តា ៤:១២)។
ទំនាក់ទំនងប្តីប្រពន្ធ និងមិត្តភាពត្រូវការការថែទាំ គឺមិនខុសពីដើមផ្កាសម្រាប់ដាំលម្អក្នុងផ្ទះនោះទេ។ ការថែទាំទំនាក់ទំនងទាំងនេះ គឺរាប់បញ្ចូលការរួបរួមគ្នាខាងវិញ្ញាណ ដើម្បីឲ្យព្រះទ្រង់គង់នៅចំណុចកណ្តាល នៃចំណងទំនាក់ទំនងដ៏សំខាន់នីមួយៗ។ ទ្រង់ជាប្រភពដែលមិនចេះរីងស្ងួតនៃសេចក្តីស្រឡាញ់ និងព្រះគុណ ដែលជាអ្វីដែលយើងត្រូវការបំផុត ដើម្បីឲ្យយើងនៅតែបន្តរួបរួម ដោយអំណរជាមួយគ្នា។—JENNIFER BENSON SCHULDT