មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​ឲ្យ​ដើម​ផ្កា​មួយ​ដើម សម្រាប់​ដាំ​លម្អរ​ក្នុង​ផ្ទះ។ គាត់​មាន​ដើម​ផ្កា​នោះ​ជាង​៤០​ឆ្នាំ​មក​ហើយ។ រុក្ខជាតិ​នោះ​មាន​កម្ពស់​ស្មើ​មួយ​ជំហរ​ខ្លួន​ខ្ញុំ ហើយ​វា​មាន​ស្លឹក​ធំ​ៗ នៅ​លើ​មែក​តួច​ៗ​បី​ដើម ដែល​មាន​រាង​មូល​ទ្រវែង។ យូរ​ៗ​ទៅ ទម្ងន់​របស់​ស្លឹក​ទាំង​នោះ ក៏​បាន​ធ្វើ​ឲ្យ​មែក​ទាំង​បី កោង​ចុះ​ក្រោម​ទៅ​រក​កម្រាល​ឥដ្ឋ។ ដើម្បី​តម្រង់​មែក​ទាំង​នោះ ខ្ញុំ​បាន​ដាក់​កំណល់​ពី​ក្រោម​ផើង​ផ្កា​នោះ ហើយ​យក​វា​ទៅ​ដាក់​នៅ​ក្បែរ​បង្អួច ដើម្បី​ឲ្យ​ពន្លឺ​អាច​នាំ​ស្លឹក​បែរ​ទៅ​លើ ហើយ​ជួយ​កែ​តម្រង់​ឥរិយាបថ​ដ៏​អាក្រក់​របស់​វា។

បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ដើម​ផ្កា​នេះ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដើម​ផ្កា​មួយ​ទៀត ដូច​ដើម​ផ្កា​នេះ​ដែរ នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ក្រុម​ហ៊ុន​ក្នុង​តំបន់​មួយ។ វា​បាន​លូត​លាស់ ដោយ​មាន​មែក​តូច​ៗ​វែង​ៗ​បី​ដើម ប៉ុន្តែ គេ​បានចង​ពួក​វា​ផ្អោប​គ្នា ដើម្បី​បង្កើត​ជា​ដើម​មួយ ដែល​ធំ និង​រឹង​មាំ​ជាង​មុន។ ដើម​នេះ​ក៏​បាន​ឈរ​ត្រង់​ទៅ​លើ ដោយ​ខ្លួន​ឯងបាន។

មនុស្ស​ពីរ​នាក់​អាច​រស់​នៅ​ជា​មួយ​គ្នា ក្នុង​ផ្ទះ​តែ​មួយ អស់​ជា​ច្រើន​ឆ្នាំ តែ​ចិត្ត​របស់​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​កាន់​តែ​ខ្លាំង ហើយ​ក៏​បាន​ទទួល​ផល​ប្រយោជន៍​កាន់​តែ​តិច​តួច​ពី​ទំនាក់​ទំនង ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​អរសប្បាយ​។ តែ​ពេលដែល​ជីវិត​របស់​ពួក​គេ​បាន​ចង​ភ្ជាប់​គ្នា ជា​មួយ​ព្រះ នោះ​ពួក​គេ​ក៏​មាន​ភាព​នឹង​នរ និង​ជិត​ស្និត​កាន់​តែ​ខ្លាំង។ ទំនាក់​ទំនង​របស់​ពួក​គេ​នឹង​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លាំង។ ដូច​មាន​សេចក្តី​ចែង​ថា “​ពួរ​៣ធ្លុង​មិន​ងាយ​ដាច់​ទេ”(សាស្តា ៤:១២)។

ទំនាក់​ទំនង​ប្តី​ប្រពន្ធ និង​មិត្ត​ភាព​ត្រូវ​ការ​ការ​ថែ​ទាំ គឺ​មិន​ខុស​ពី​ដើម​ផ្កា​សម្រាប់​ដាំ​លម្អ​ក្នុង​ផ្ទះ​នោះ​ទេ។ ការ​ថែ​ទាំ​ទំនាក់ទំនង​ទាំង​នេះ គឺ​រាប់​បញ្ចូល​ការ​រួប​រួម​គ្នា​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​គង់​នៅ​ចំណុច​កណ្តាល នៃ​ចំណង​ទំនាក់​ទំនង​ដ៏​សំខាន់​នីមួយ​ៗ។ ទ្រង់​ជា​ប្រភព​ដែល​មិន​ចេះ​រីង​ស្ងួត​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ ដែល​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត ដើម្បី​ឲ្យ​យើង​នៅ​តែ​បន្ត​រួប​រួម ដោយ​អំណរ​ជា​មួយ​គ្នា។​—JENNIFER BENSON SCHULDT