អស់រយៈពេលជិត៤ទសវត្សរ៍ មានបុរសម្នាក់ នៅប្រទេសឥណ្ឌាបានខិតខំធ្វើការ ដើម្បីកែប្រែដីដែលក្រៀមក្រោះ សំបូរទៅដោយខ្សាច់ គ្មានជីជាតិ ឲ្យក្លាយជាដីដែលមានជីវិត។ គាត់បានសង្កេតឃើញថា ការហូរច្រោះដី និងការផ្លាស់ប្តូរនៃប្រព័ន្ធជីវចម្រុះ បានបំផ្លាញកោះដែលគាត់ស្រឡាញ់ ដែលមានទីតាំងនៅកណ្តាលទន្លេ។ គាត់ក៏បានចាប់ផ្តើមដាំឈើម្តងមួយដើមៗ ដោយដាំដើមឫស្សី រួចដាំដើមកប្បាស់។ សព្វថ្ងៃនេះ ព្រៃឈើខៀវស្រងាត់ ដែលមានសត្វព្រៃរស់នៅជាបរិបូរបានកើតមានឡើងវិញ នៅលើផ្ទៃដីជាង៥រយហិចតា នៅលើកោះរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ បុរសម្នាក់នេះបដិសេធថា ការចាប់កំណើតជាថ្មីនេះ មិនមែនដោយសារគាត់នោះទេ។ គាត់បានទទួលស្គាល់ថា ពិភពធម្មជាតិត្រូវបានរៀបចំមក ឲ្យមានដំណើរការយ៉ាងរៀបរយ ដែលក្នុងនោះ គាត់បានស្ងើចសរសើរចំពោះរបៀបដែលគ្រាប់ពូជត្រូវបានខ្យល់បក់នាំទៅរកដីដែលមានជីជាតិ។ ពួកបក្សី និងសត្វដទៃទៀតក៏បានចូលរួម នៅក្នុងការសាបព្រោះគ្រាប់ពូជទាំងនោះផងដែរ ហើយទន្លេក៏បានរួមចំណែក នៅក្នុងការជួយរុក្ខជាតិ និងដើមឈើទាំងនោះ ឲ្យលូតលាស់បានល្អ។
ព្រះទ្រង់បានរចនា និងបង្កើតរបស់សព្វសារពើ តាមរបៀបដែលយើងមិនអាចយល់ ឬគ្រប់គ្រងបាន។ តាមបន្ទូលរបស់ព្រះយេស៊ូវ គោលការណ៍នេះ ក៏ប្រើសម្រាប់នគរព្រះផងដែរ។ ព្រះយេស៊ូវមានបន្ទូលថា “នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ”(ម៉ាកុស ៤:២៦-២៧)។ ព្រះជាម្ចាស់បាននាំមកនូវជីវិត និងការប្រោសឲ្យជា ដល់លោកិយ ធ្វើជាអំណោយដ៏បរិសុទ្ធ ដោយគ្មានការគ្រប់គ្រងរបស់យើងឡើយ។ យើងធ្វើអ្វីដែលព្រះទ្រង់បង្គាប់ឲ្យយើងធ្វើ ហើយបន្ទាប់មក យើងឃើញជីវិតលេចឡើង។ យើងដឹងថា អ្វីៗទាំងអស់ហូរចេញពីព្រះគុណរបស់ទ្រង់។
យើងងាយនឹងគិតថា យើងមានការទទួលខុសត្រូវ នៅក្នុងការផ្លាស់ប្តូរចិត្តរបស់នរណាម្នាក់ ឬគ្រប់គ្រងលទ្ធផល នៃការប្រឹងប្រែងដោយភាពស្មោះត្រង់របស់យើង។ ទោះជាយ៉ាងណាក៏ដោយ យើងមិនចំាបាច់ ត្រូវហត់នឿយ ដោយសារការគិតដូចនេះឡើយ។ ព្រះជាម្ចាស់ធ្វើឲ្យគ្រប់ពូជរបស់យើងទាំងអស់លូតលាស់ឡើង។ ទាំងអស់នេះគឺសុទ្ធតែដោយសារព្រះគុណព្រះ។ —WINN COLLIER