អស់​រយៈ​ពេល​ជិត​៤​ទសវត្សរ៍ មាន​បុរស​ម្នាក់ នៅ​ប្រទេស​ឥណ្ឌា​បាន​ខិត​ខំ​ធ្វើ​ការ ដើម្បី​កែ​ប្រែ​ដី​ដែល​ក្រៀម​ក្រោះ សំបូរ​ទៅ​ដោយ​ខ្សាច់ គ្មាន​ជី​ជាតិ ឲ្យ​ក្លាយ​ជា​ដីដែល​មាន​ជីវិត។ គាត់​បាន​សង្កេត​ឃើញ​ថា ការ​ហូរ​ច្រោះ​ដី និង​ការ​ផ្លាស់​ប្តូរនៃ​ប្រព័ន្ធ​ជីវ​ចម្រុះ បាន​បំផ្លាញ​កោះ​ដែល​គាត់​ស្រឡាញ់ ដែល​មាន​ទីតាំង​នៅ​កណ្តាល​ទន្លេ។ គាត់​ក៏​បាន​ចាប់​ផ្តើម​ដាំឈើ​ម្តង​មួយ​ដើម​ៗ ដោយ​ដាំ​ដើម​ឫស្សី​ រួច​ដាំ​ដើម​កប្បាស់​។​ សព្វ​ថ្ងៃ​នេះ ព្រៃ​ឈើ​ខៀវ​ស្រងាត់ ដែល​មាន​សត្វ​ព្រៃ​រស់នៅ​ជា​បរិបូរ​បាន​កើត​មាន​ឡើង​វិញ​ នៅ​លើ​ផ្ទៃ​ដី​ជាង​៥​រយ​ហិចតា នៅ​លើ​កោះ​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បុរស​ម្នាក់​នេះ​បដិសេធ​ថា ការ​ចាប់​កំណើត​ជា​ថ្មី​នេះ មិន​មែន​ដោយ​សារ​គាត់​នោះ​ទេ។​ គាត់​បាន​ទទួល​ស្គាល់​ថា ពិភព​ធម្ម​ជាតិ​ត្រូវ​បាន​រៀប​ចំ​មក ឲ្យ​មាន​ដំណើរ​ការ​យ៉ាង​រៀប​រយ ដែល​ក្នុង​នោះ គាត់​បាន​ស្ងើច​សរសើរ​ចំពោះ​របៀប​ដែលគ្រាប់​ពូជ​ត្រូវ​បាន​ខ្យល់​បក់​នាំ​ទៅ​រក​ដី​ដែល​មាន​ជី​ជាតិ។ ពួក​បក្សី និង​សត្វ​ដទៃ​ទៀត​ក៏​បាន​ចូល​រួម នៅ​ក្នុង​ការ​សាប​ព្រោះ​គ្រាប់​ពូជ​ទាំង​នោះ​ផង​ដែរ ហើយ​ទន្លេ​ក៏​បាន​រួម​ចំណែក នៅ​ក្នុង​ការ​ជួយ​រុក្ខ​ជាតិ និង​ដើម​ឈើ​ទាំង​នោះ ឲ្យ​លូត​លាស់​បាន​ល្អ។

ព្រះ​ទ្រង់​បាន​រចនា និង​បង្កើត​របស់​សព្វ​សារពើ តាម​របៀប​ដែល​យើង​មិន​អាច​យល់ ឬ​គ្រប់​គ្រង​បាន។​ តាម​បន្ទូល​របស់​ព្រះ​យេស៊ូវ គោល​ការណ៍​នេះ ក៏​ប្រើ​សម្រាប់​នគរ​ព្រះ​ផង​ដែរ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “នគរ​ព្រះ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ព្រោះ​ពូជ​នៅ​ដី អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ”(ម៉ាកុស ៤:២៦-២៧)។ ព្រះ​ជា​ម្ចាស់​បាន​នាំ​មក​នូវ​ជីវិត និង​ការ​ប្រោស​ឲ្យ​ជា ដល់​លោកិយ ធ្វើ​ជា​អំណោយ​ដ៏​បរិសុទ្ធ  ដោយ​គ្មាន​ការ​គ្រប់​គ្រង​របស់​យើង​ឡើយ។ យើង​ធ្វើ​អ្វី​ដែល​ព្រះ​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ ហើយបន្ទាប់​មក យើង​ឃើញ​ជីវិត​លេច​ឡើង។​ យើង​ដឹង​ថា អ្វី​ៗ​ទាំង​អស់​ហូរ​ចេញ​ពី​ព្រះ​គុណ​របស់​ទ្រង់។

យើង​ងាយ​នឹង​គិត​ថា យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​នរណា​ម្នាក់ ឬ​គ្រប់​គ្រង​លទ្ធ​ផល នៃ​ការ​ប្រឹង​ប្រែង​ដោយ​ភាព​ស្មោះ​ត្រង់​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ចំា​បាច់ ត្រូវ​ហត់​នឿយ ដោយ​សារ​ការ​គិត​ដូច​នេះ​ឡើយ។ ព្រះ​ជា​ម្ចាស់​ធ្វើ​ឲ្យ​គ្រប់​ពូជ​របស់​យើង​ទាំង​អស់​លូត​លាស់​ឡើង។ ទាំង​អស់​នេះ​គឺ​សុទ្ធ​តែដោយ​សារ​ព្រះ​គុណ​ព្រះ។ —WINN COLLIER