មានពេលមួយ មន្ត្រីសុខាភិបាលរបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ដល់ជនអនាថា ដែលកំពុងញៀនថ្នាំ។ កម្មវិធីនេះបានចាប់ផ្តើម ដើម្បីឆ្លើយតប ចំពោះកំណើននៃជនអនាថាដែលបានចាក់ថ្នាំញៀន។ តាមធម្មតា វេជ្ជបណ្ឌិតរង់ចាំអ្នកជម្ងឺមកគ្លីនិក ដើម្បីទទួលការព្យាបាល។ ប៉ុន្តែ ពេលដែលគេនាំការព្យាបាល ទៅរកអ្នកជម្ងឺ នោះអ្នកជម្ងឺមិនចាំបាច់ត្រូវជម្នះការលំបាកនៅក្នុងការធ្វើដំណើរ ឬមិនពិបាកភ្លេចការណាត់ជួបឡើយ។
មន្រ្តីសុខាភិបាល ដែលបានស្ម័គ្រចិត្តទៅរកមនុស្សដែលត្រូវការការព្យាបាលយ៉ាងដូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលព្រះយេស៊ូវយាងមករកយើង នៅពេលដែលយើងត្រូវការជំនួយពីទ្រង់។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចទ្រង់នៅលើផែនដី ទ្រង់បានស្វែងរកមនុស្ស ដែលអ្នកដឹកនាំសាសនាបានរើសអើង។ ពួកគេបានរិះគន់ទ្រង់ថា ទ្រង់បានសោយអាហារជាមួយមនុស្សមានបាប និងអ្នកយកពន្ធ(ខ.១៦)។ ពេលគេសួរទ្រង់ថា ហេតុអ្វីទ្រង់ធ្វើដូចនេះ ទ្រង់ក៏បានឆ្លើយថា “ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ”(ខ.១៧) ។ ទ្រង់ក៏បានមានបន្ទូលទៀតថា ទ្រង់មិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យមានការប្រកបទាក់ទងជាមួយទ្រង់។
ពេលដែលយើងដឹងថា យើងរាល់គ្នាសុទ្ធតែ “ឈឺ” ហើយត្រូវការគ្រូពេទ្យ(រ៉ូម ៣:១០) នោះយើងអាចសរសើរ និងអរព្រះគុណព្រះយេស៊ូវ សម្រាប់ការដែលទ្រង់បានសព្វព្រះទ័យនឹងបរិភោគអាហារជាមួយ “មនុស្សមានបាប និងអ្នកយកពន្ធ” ដូចយើងរាល់គ្នា។ បន្ទាប់ពីយើងបានទទួលការសង្រ្គោះពីទ្រង់ហើយ ទ្រង់បានចាត់យើងឲ្យចេញទៅធ្វើការជាក្រុមនៅតាមដងផ្លូវទំាងឡាយ ដើម្បីនាំព្រះរាជសារនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ទៅរកអ្នកដែលត្រូវការជំនួយពីទ្រង់។—KIRSTEN HOLMBERG