នៅក្នុងសៀវភៅមានចំណងជើងថា ជំនាន់នៃគ្រួសារខ្ញុំ លោកបេ(Bae) បានពិពណ៌នា អំពីសេចក្តីស្មោះត្រង់របស់ព្រះ និងអំណាចនៃដំណឹងល្អ ដែលបានទម្លុះភាពងងឹត។ ជីតា ឪពុកម្តាយ និងក្រុមគ្រួសាររបស់គាត់ផ្ទាល់ បានទទួលរងការបៀតបៀន ដោយសារពួកគេបានផ្សព្វផ្សាយជំនឿលើព្រះគ្រីស្ទ។ ប៉ុន្តែ មានរឿងដែលគួរឲ្យចាប់អារម្មណ៍មួយបានកើតឡើង ពេលដែលលោកបេ ត្រូវគេចាប់ដាក់គុក ដោយសារគាត់បាននិយាយប្រាប់មិត្តភក្តិម្នាក់ អំពីព្រះ។ ពេលនោះ ជំនឿរបស់គាត់កាន់តែរឹងមាំឡើង។ រឿងនេះក៏បានកើតឡើងចំពោះឪពុកម្តាយរបស់គាត់ដែរ ពេលដែលគេកាត់ទោសពួកគាត់ ឲ្យជាប់ឃុំខ្លួននៅក្នុងជំរុំប្រមូលផ្តុំ។ ពេលនោះ ពួកគាត់បន្តផ្សាយអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ កាន់តែច្រើនជាងមុនទៀត នៅក្នុងកន្លែងឃុំខ្លួននោះ។ លោកបេបានជឿព្រះបន្ទូលសន្យាក្នុងបទគម្ពីរ យ៉ូហាន ១:៥ ដែលបានចែងថា “ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតយល់មិនដល់ពន្លឺទេ”។
មុនពេលការចាប់ខ្លួន និងការសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានដាស់តឿនពួកសិស្សរបស់ទ្រង់ អំពីបញ្ហាដែលពួកគេនឹងជួបប្រទះ។ ពួកគេនឹងត្រូវគេបដិសេធ ព្រោះគេមិនបានស្គាល់ព្រះយេស៊ូវ ឬព្រះវរបិតាឡើយ(១៦:៣)។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលកម្សាន្តចិត្តថា “នៅលោកីយ៍នេះ អ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ”(ខ.៣៣)។
អ្នកជឿជាច្រើន មិនដែលបានជួបការបៀតបៀន ក្នុងកំរិតដែលក្រុមគ្រួសាររបស់លោកបេបានទទួលរងឡើយ តែយើងអាចរំពឹងថា យើងនឹងជួបបញ្ហា ដោយសារយើងជាអ្នកជឿព្រះយេស៊ូវ។ យើងមិនចាំបាច់ត្រូវបាក់ទឹកចិត្ត ឬមានកំហឹងនោះឡើយ។ យើងមានព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះយេស៊ូវបានចាត់ឲ្យយាងចុះមក តាមការសន្យារបស់ទ្រង់។ យើងអាចងាកទៅរកទ្រង់ ដើម្បីសូមការដឹកនាំ និងការកម្សាន្តចិត្ត(ខ.៧)។ អំណាចនៃព្រះវត្តមានព្រះ អាចជួយទប់យើង ឲ្យមានជំហររឹងមាំ នៅក្នុងពេលដ៏ខ្មៅងងឹត។—LINDA WASHINGTON