នៅក្នុងព្រះវិហារធំ សេន ផាទ្រីក នៅទីក្រុងឌូប្លីន ប្រទេសអៀឡង់ មានទ្វារមួយដែលបង្កប់នូវប្រវត្តិដ៏ចំណាស់ ដែលមានអាយុកាល៥សតវត្សរ៍។ កាលពីឆ្នំា ១៤៩២ គ្រួសារបាត់ទ្លើរ(Butlers) និងគ្រួសារហ្វ៊ីតជើរ៉ល(FitzGeralds) បានមានជម្លោះ នៅក្នុងការដណ្តើមយកមុខតំណែងដ៏ខ្ពស់មួយ នៅក្នុងតំបន់នោះ។ ជម្លោះនោះកាន់តែមានភាពធ្ងន់ធ្ងរ ហើយគ្រួសារបាត់ទ្លើរ ក៏បានចូលជ្រកកោនក្នុងព្រះវិហារធំនេះ។ ពេលដែលគ្រួសារហ្វ៊ីតជើរ៉លមកចរចាដើម្បីបញ្ឈប់ជម្លោះនេះ គ្រួសារបាត់ទ្លើរមានការភ័យខ្លាច មិនហ៊ានបើកទ្វារព្រះវិហារនោះឡើយ។ ដូចនេះ គ្រួសារហ្វ៊ីតជើរ៉ល ក៏បានចោះរន្ធមួយ នៅលើក្របទ្វារនោះ ហើយអ្នកដឹកនាំគ្រួសារនេះក៏បានលូកដៃចូលទៅខាងក្នុង ដោយសន្តិភាព។ ក្រុមគ្រួសារទាំងពីរក៏បានផ្សះផ្សាគ្នាវិញ ហើយសត្រូវក៏បានក្លាយជាមិត្ត។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីកណ្ឌគម្ពីរកូរិនថូស ដែលបានចែងអំពីទ្វារដែលព្រះជាម្ចាស់បើកចំហរ ឲ្យមនុស្សជាតិចូលមកផ្សះផ្សាជាមួយទ្រង់។ ទ្រង់ជាអ្នកផ្តួចផ្តើមគំនិតនៅក្នុងការផ្សះផ្សានេះ ហើយដោយសារសេចក្តីស្រឡាញ់ទ្រង់គ្មានព្រំដែន នោះទ្រង់បាននាំមនុស្សចេញពីទំនាក់ទំនងបាក់បែក ចូលទៅក្នុងទំនាក់ទំនងដែលផ្សះផ្សាឡើងវិញ តាមរយៈការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។ យើងបានដាច់ចេញឆ្ងាយពីព្រះ ប៉ុន្តែ ដោយសារសេចក្តីមេត្តាករុណារបស់ទ្រង់ នោះទ្រង់មិនទុកយើង ឲ្យដាច់ចេញពីទ្រង់រហូតឡើយ។ ទ្រង់បានប្រទានយើង នូវការផ្សះផ្សាឲ្យជានឹងទ្រង់ “ដោយឥតប្រកាន់ទោសនឹងយើងទៀត”(២កូរិនថូស ៥:១៩)។ ព្រះទ្រង់បានសម្រេចនូវសេចក្តីយុត្តិធម៌ ដោយ “ព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ” ដើម្បីយើងអាចផ្សះផ្សាឲ្យជានឹងទ្រង់(ខ.២១)។
កាលណាយើងបានទទួលយកការផ្សះផ្សារបស់ព្រះជាម្ចាស់ហើយ ទ្រង់បានប្រទានកិច្ចការដ៏សំខាន់មួយឲ្យយើងធ្វើ គឺឲ្យយើងនាំដំណឹងល្អនេះ ទៅផ្សព្វផ្សាយដល់អ្នកដទៃ។ យើងធ្វើជាតំណាងរបស់ព្រះដ៏អស្ចារ្យ ដែលមានពេញដោយក្តីស្រឡាញ់ និងបានប្រទានការអត់ទោសបាប និងការផ្សះផ្សាទាំងស្រុង ដល់អស់អ្នកណាដែលជឿទ្រង់។ —ESTERA PIROSCA ESCOBAR