កាល​ខ្ញុំ​កំពុង​ទស្សនា​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ ថេត ម៉ូដឺន នៅ​ទីក្រុង​ឡុង មាន​រូប​ចម្លាក់​មួយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ វា​ជា​ស្នាដៃ​របស់​សិល្បៈ​ករ​ប្រេស៊ីល ឈ្មោះ ស៊ីលដូ មេរេលេ(Cildo Meireles)។ វា​ជា​អង់​តែន​យក្ស​មួយ ដែល​ត្រូវ​បាន​កែ​ឆ្នៃ​ពី​វិទ្យុ​ចាស់​ៗ​រាប់​រយ​គ្រឿង។ គេ​បាន​បើក​វិទ្យុ​នីមួយ​ៗ​ឡើង ដោយ​បើក​ចូល​ប៉ុស្តិ៍​ខុស​ៗ​គ្នា បង្កើត​បាន​ជា​សម្លេង​និយាយ​កុង​គ្នា រក​ស្តាប់​អ្វី​មិន​យល់។ លោក​មេរេលេ​ក៏​បាន​ហៅ​រូប​ចម្លាក់​នោះ​ថា ប៉ម​បាបិល

ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺ​សម​ហើយ។ មនុស្ស​សម័យ​ដើម​បាន​សង់​ប៉ម​បាបិល​ដំបូង​បំផុត ដើម្បី​ឈោង​ឲ្យ​ដល់​ស្ថាន​សួគ៌ ហើយព្រះ​ទ្រង់​ក៏​បាន​បង្អាក់​ការ​ព្យាយាម​របស់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាសា​ខុស​ៗ​គ្នា(លោកុប្បត្តិ ១១:១-៩)។ ដោយសារ មនុស្ស​ជាតិ​មិន​អាច​ទំនាក់​ទំនង​គ្នា​បាន​ដូច​មុន ពួក​គេ​ក៏​បាន​បែក​បាក់​គ្នា ក្លាយ​ជា​ទៅ​អំបូរ​មនុស្ស​ខុស​គ្នាៗ​ ដោយ​មាន​ភាសា​ផ្សេង​ៗ​គ្នា(ខ.១០-២៦)។ ពួក​គេ​មាន​ការ​បែក​បាក់​គ្នា​ដោយ​សារ​មាន​ភាសា​ខុស​គ្នា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​ក៏មាន​ការ​ពិបាក​នៅ​ក្នុង​ការ​ទំនាក់​ទំនង​គ្នា។

ប៉ុន្តែ រឿង​នេះ​នៅ​មាន​ផ្នែក​ទី​ពីរ​ទៀត។ នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​ចុះ​មក​សណ្ឋិត​គ្រីស្ទ​បរិស័ទ​ដំបូង នៅ​ថ្ងៃ​បុណ្យ​ទី៥០ ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាច​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ ដោយ​ប្រើ​ភាសា​របស់​ជាតិ​សាសន៍​ជា​ច្រើន​ ដែល​មក​ទស្សនា​ទី​ក្រុងយេរូសា​ឡិម​នៅ​ថ្ងៃ​នោះ (កិច្ចការ ២:១-១២)។ តាម​រយៈ​ការ​អស្ចារ្យ​នេះ មនុស្ស​ម្នាក់​ៗ​ដែល​មក​ផ្តុំ​គ្នា​នៅ​ទី​នោះ បាន​ស្តាប់​ឮ​ព្រះរាជ​សារ​តែ​មួយ ដែល​បាន​ថ្លែង​ជា​ភាសា​ផ្សេង​ៗ​គ្នា ទោះ​ពួក​គេ​មាន​សញ្ជាតិ​អ្វី ឬ​និយាយ​ភាសាអ្វី​ក៏​ដោយ។ ដូច​នេះ ការ​បំភាន់​ភាសា​នៅ​សម័យ​ប៉ម​បាបិល ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​យល់​ព្រះ​រាជ​សារ​តែ​មួយ ដែល​បាន​ថ្លែង​ជា​ភាសា​ខុស​គ្នា​ នៅ​គ្រា​សញ្ញា​ថ្មី។

នេះ​ជា​ដំណឹង​ល្អ សម្រាប់​ពិភព​លោក​ដែល​មាន​ការ​បែង​ចែក​ជន​ជាតិ និង​វប្បធម៌​ខុស​ៗ​គ្នា។ ព្រះ​ជា​ម្ចាស់​កំពុង​តែ​បង្កើត​ឲ្យ​មាន​មនុស្ស​ជាតិ​ថ្មី​មួយ ចេញ​ពី​ជាតិ​សាសន៍ ពូជ​អំបូរ និង​ភាសា​ខុស​គ្នា តាម​រយៈ​ព្រះ​យេស៊ូវ​(វិវរណៈ ៧:៩)។ ខណៈ​ពេល​ដែល​ខ្ញុំកំពុង​តែ​ឈរ​នៅ​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ​នោះ ខ្ញុំ​ក៏​បាន​នឹក​ស្រមៃ​ចង់​ឃើញ​វិទ្យុ​ទាំង​នោះ​ផ្លាស់​ប្តូរ​ទៅ​រក​ប៉ុស្ត៍​តែ​មួយ ដែលចាក់​បទ​ចម្រៀង​តែ​មួយ ដែល​ច្រៀង​ថា “ព្រះគុណ​អស្ចារ្យ ជា​ស័ព្ទ​ពិរោះ”។—SHERIDAN VOYSEY