កាលខ្ញុំកំពុងទស្សនាកន្លែងដាក់តាំងស្នាដៃសិល្បៈ ថេត ម៉ូដឺន នៅទីក្រុងឡុង មានរូបចម្លាក់មួយ បានធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ វាជាស្នាដៃរបស់សិល្បៈករប្រេស៊ីល ឈ្មោះ ស៊ីលដូ មេរេលេ(Cildo Meireles)។ វាជាអង់តែនយក្សមួយ ដែលត្រូវបានកែឆ្នៃពីវិទ្យុចាស់ៗរាប់រយគ្រឿង។ គេបានបើកវិទ្យុនីមួយៗឡើង ដោយបើកចូលប៉ុស្តិ៍ខុសៗគ្នា បង្កើតបានជាសម្លេងនិយាយកុងគ្នា រកស្តាប់អ្វីមិនយល់។ លោកមេរេលេក៏បានហៅរូបចម្លាក់នោះថា ប៉មបាបិល ។
ការដាក់ឈ្មោះដូចនេះ គឺសមហើយ។ មនុស្សសម័យដើមបានសង់ប៉មបាបិលដំបូងបំផុត ដើម្បីឈោងឲ្យដល់ស្ថានសួគ៌ ហើយព្រះទ្រង់ក៏បានបង្អាក់ការព្យាយាមរបស់ពួកគេ ដោយធ្វើឲ្យពួកគេមានភាសាខុសៗគ្នា(លោកុប្បត្តិ ១១:១-៩)។ ដោយសារ មនុស្សជាតិមិនអាចទំនាក់ទំនងគ្នាបានដូចមុន ពួកគេក៏បានបែកបាក់គ្នា ក្លាយជាទៅអំបូរមនុស្សខុសគ្នាៗ ដោយមានភាសាផ្សេងៗគ្នា(ខ.១០-២៦)។ ពួកគេមានការបែកបាក់គ្នាដោយសារមានភាសាខុសគ្នា ហើយចាប់តាំងពីពេលនោះមក ពួកគេក៏មានការពិបាកនៅក្នុងការទំនាក់ទំនងគ្នា។
ប៉ុន្តែ រឿងនេះនៅមានផ្នែកទីពីរទៀត។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងចុះមកសណ្ឋិតគ្រីស្ទបរិស័ទដំបូង នៅថ្ងៃបុណ្យទី៥០ ទ្រង់ក៏បានធ្វើឲ្យពួកគេអាចសរសើរដំកើងព្រះជាម្ចាស់ ដោយប្រើភាសារបស់ជាតិសាសន៍ជាច្រើន ដែលមកទស្សនាទីក្រុងយេរូសាឡិមនៅថ្ងៃនោះ (កិច្ចការ ២:១-១២)។ តាមរយៈការអស្ចារ្យនេះ មនុស្សម្នាក់ៗដែលមកផ្តុំគ្នានៅទីនោះ បានស្តាប់ឮព្រះរាជសារតែមួយ ដែលបានថ្លែងជាភាសាផ្សេងៗគ្នា ទោះពួកគេមានសញ្ជាតិអ្វី ឬនិយាយភាសាអ្វីក៏ដោយ។ ដូចនេះ ការបំភាន់ភាសានៅសម័យប៉មបាបិល ក៏បានប្រែក្លាយជាការយល់ព្រះរាជសារតែមួយ ដែលបានថ្លែងជាភាសាខុសគ្នា នៅគ្រាសញ្ញាថ្មី។
នេះជាដំណឹងល្អ សម្រាប់ពិភពលោកដែលមានការបែងចែកជនជាតិ និងវប្បធម៌ខុសៗគ្នា។ ព្រះជាម្ចាស់កំពុងតែបង្កើតឲ្យមានមនុស្សជាតិថ្មីមួយ ចេញពីជាតិសាសន៍ ពូជអំបូរ និងភាសាខុសគ្នា តាមរយៈព្រះយេស៊ូវ(វិវរណៈ ៧:៩)។ ខណៈពេលដែលខ្ញុំកំពុងតែឈរនៅកន្លែងដាក់តាំងស្នាដៃសិល្បៈនោះ ខ្ញុំក៏បាននឹកស្រមៃចង់ឃើញវិទ្យុទាំងនោះផ្លាស់ប្តូរទៅរកប៉ុស្ត៍តែមួយ ដែលចាក់បទចម្រៀងតែមួយ ដែលច្រៀងថា “ព្រះគុណអស្ចារ្យ ជាស័ព្ទពិរោះ”។—SHERIDAN VOYSEY