ក្មេង​ស្រី​ថ្នាក់​ទី​៧​ម្នាក់​បាន​ចូល​រួម នៅ​ក្នុង​ការ​ប្រកួត​រត់​ប្រណំាង​ថ្នាក់​ជាតិ​ជា​លើក​ទី​មួយ ប៉ុន្តែ នៅ​ពេល​ដែល​ការ​ប្រកួត​មក​ដល់ នាង​មិន​ចង់​ទៅ​រត់​មុខ​សោះ។ នាង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​ប្រកួត​នេះ តែ​នាង​នៅ​តែ​ខ្លាច​រត់​មិន​ឈ្នះ​គេ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ នាង​ក៏​បាន​ចាប់​ផ្តើម​ការ​ប្រកួត​ជា​មួយ​កីឡាករ​ដទៃ​ទៀត។ ក្រោយ​មក កីឡាករ​រត់​ប្រណាំង​ទាំង​ឡាយ​ក៏​បាន​បញ្ចប់​ការ​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ ទៅ​ដល់​ទី​ម្តង​មួយ​ៗ លើក​លែង​តែ​កីឡាករ​ដ៏​ស្ទាក់​ស្ទើរ​ម្នាក់​នេះ​ប៉ុណ្ណោះ ដែល​មិន​ឃើញ​រត់​នឹង​គេ។ ទី​បំផុត ម្តាយ​របស់​នាង​ដែល​កំពុង​មើល​កូន​ស្រី​របស់​ខ្លួន​ប្រកួត ក៏​បាន​ឃើញ​នាង​ឈរ​នៅ​ម្នាក់​ឯង។ គាត់​ក៏​បាន​ទៅ​ឈរ​នៅ​ទី ដោយ​ត្រៀម​កម្សាន្ត​ចិត្ត​អ្នក​ប្រកួត​ដែល​កំពុង​តែ​ពិបាក​ចិត្ត​ម្នាក់​នេះ។ ពេល​ដែល​អ្នក​រត់​ប្រណំាង​ដ៏​វ័យ​ក្មេង​នេះ​បាន​ឃើញ​ម្តាយ​របស់​នាង នាង​ក៏​បាន​បន្លឺ​សម្លេង​ឡើង​ថា “ពិត​ជា​ប្រសើរ​ណាស់!”

តើ​ការ​រត់​ទៅ​ដល់​ទី​ក្រោយ​គេ មាន​អ្វី​ដែល​ល្អ? គឺ​ល្អ​នៅ​ត្រង់​ការ​បញ្ចប់​ការ​រត់​ប្រណាំង​នោះ​ឯង!

ក្មេង​ស្រី​ម្នាក់​នេះ​បាន​ព្យាយាម​ធ្វើ​កិច្ចការ​ដែល​ពិបាក ហើយ​ក៏​បាន​សម្រេច​កិច្ចការ​នោះ។ ព្រះ​គម្ពីរ​បាន​ឲ្យ​កិត្តិ​យស ដល់​អ្នកដែល​ខិត​ខំ​ធ្វើ​ការ ដោយ​ឧស្សាហ៍​ព្យាយាម។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ឮ​គេ​និយាយ​អំពី​ការ​ខិត​ខំ និង​ឧស្សាហ៍​ព្យាយាម នៅ​ក្នុង​វិស័យ​កីឡា ឬ​តន្រ្តី ឬ​ក៏​ការ​អ្វី​ផ្សេង​ទៀត ដែល​តម្រូវ​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ និង​ប្រឹង​ប្រែង។

បទ​គម្ពីរ​សុភាសិត ១២:២៤ បាន​ចែង​ថា “ដៃ​របស់​មនុស្ស​ព្យាយាម នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ត្រូវ​ទទួល​ការ​បំរើ​វិញ”។ ហើយ​ជំពូក​១៤ ខ.២៣ ក៏​បាន​ចែង​ផង​ដែរ​ថា “អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កំរៃ តែ​សំដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ”។ គោលការណ៍​ទាំង​នេះ មិន​មែន​ជា​ការ​សន្យា​ទេ តែ​អាច​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​ជា​ម្ចាស់​​បាន​ល្អ។

ផែនការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង តែង​តែ​រាប់​បញ្ចូល​ការ​ធ្វើ​ការ​ថ្វាយ​ទ្រង់។ សូម្បី​តែ​មុន​ពេល​អ័ដាម​ដែល​ជា​មនុស្ស​ដំបូង​ធ្លាក់​ចូល​ក្នុង​អំពើ​បាប គាត់​ក៏​ត្រូវ​ធ្វើ​ការ​ក្នុង​សួន​ច្បា​អេដែន​ជាអ្នក​ថែ​សួន​ផង​ដែរ​(លោកុប្បត្តិ ២:១៥)។ ហើយ​រាល់​ការ​ប្រឹង​ប្រែង​ទាំង​អស់​ដែល​យើង​បាន​ធ្វើ គឺ​ត្រូវ​ធ្វើ “ឲ្យ​អស់​ពី​ចិត្ត”(កូល៉ុស ៣:២៣)។ ចូរ​យើង​ធ្វើ​ការ ដោយ​ពឹង​អាង​កម្លាំង​ដែល​ទ្រង់ប្រទាន​យើង ហើយ​ថ្វាយ​លទ្ធ​ផល​ទៅ​ទ្រង់។ —DAVE BRANON