ក្មួយ​ស្រី​របស់​ខ្ញុំ ឈ្មោះ​ជេនណា(Jenna) មាន​អាយុ​៣​ឆ្នាំ។ ពេល​នាង​ចង់​បាន​អ្វី​មួយ នាង​ច្រើន​តែ​បង្ហាញ​ចេញ​នូវ​អារម្មណ៍​របស់​នាង តាម​របៀប​ដែល​គួរ​ឲ្យ​ស្រឡាញ់​ណាស់។ ពេល​ណា​នាង​ស្រឡាញ់​របស់​អ្វី​មួយ(គឺ​ពិត​ជា​ស្រឡាញ់​យ៉ាង​ខ្លាំង) ដែល​មាន​ដូច​ជា នំ​ដុត ឬ​ការ​លោត​នៅ​លើ​គ្រែរឺស័រ ឬ​ក៏​ការ​បង្ហោះ​ថាស​ជា​ដើម នាង​តែង​តែ​និយាយ​ឮ​ៗ​ថា នាង​ស្រឡាញ់​វា​ណាស់ នៅក្នុង​ពិភពលោក​ទាំង​មូល​(ពេល​នាង​និយាយ​ថា “ពិភព​លោក​ទាំង​មូល” នាង​ក៏​បាន​លើក​ដៃ​ឡើង​ធ្វើ​កាយ​វិការ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍)។

ជួន​កាល ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើខ្ញុំ​ធ្លាប់​មាន​សេចក្តី​ស្រឡាញ់​ខ្លាំង​យ៉ាង​នេះ នៅ​ពេល​ណា? គឺ​ស្រឡាញ់​ដោយ​មិន​ខ្វល់​អ្វី ឬ​គ្មាន​ការភ័យ​ខ្លាច​អ្វី​ទាំង​អស់?

កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត​ថា “ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់”(១យ៉ូហាន ៤:៨,១៦)។ យើង​ដែល​ជា​មនុស្ស​ពេញ​វ័យ ប្រហែល​ជា​នៅ​តែ​ពិបាក​យល់​សេចក្តី​ពិត​នេះ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​ជ្រាវ​ជ្រៅ​បំផុត​នៃ​សេចក្តី​ពិត។ កំហឹង ការ​ភ័យ​ខ្លាច ឬ​ភាព​អាម៉ាស់​របស់​យើង មិន​មែន​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ពិត​ឡើយ។ លោកិយ​បាន​បែង​ចែកមនុស្ស​ជា​ក្រុម​ផ្សេង​គ្នា ដោយ​ផ្អែក​ទៅ​លើ​ការ​អ្វី​ដែល​យើង​ខ្លាច​បំផុត ហើយ​ជា​ញឹក​ញាប់​ យើង​បាន​ចូល​ទៅ​ក្នុង​ក្រុម​ទាំង​នោះ ដោយ​មិន​បាន​អើពើ ឬ​ខ្វល់​ចំពោះ​សម្លេង​ដែល​ដាស់​តឿន​យើង ឲ្យ​ងាក​មក​រក​សេចក្តី​ពិត​ឡើយ។

តែ​ក្នុង​ពេល​នៃ​ការ​បោក​បញ្ឆោត និង​ការ​តយុទ្ធ​នឹង​អំណាច​លោកិយ(ខ.៥-៦) សេចក្តី​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​តែជាប់​នៅ ធ្វើ​ជា​ពន្លឺ​ដែល​ចែង​ចាំ​ក្នុង​ភាព​ងងឹត ដោយ​ត្រាស់​ហៅ​យើង​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ការ​បន្ទាប​ខ្លួន ការ​ទុក​ចិត្ត និង​សេចក្តី​ស្រឡាញ់(១:៧-៩ ៣:១៨)។ ទោះ​ពន្លឺ​នោះ​បាន​បើក​បង្ហាញ​ការ​ពិត​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅតែ​អាច​ដឹង​ថា ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​យើង​ជា​និច្ច(៤:១០,១៨ និង រ៉ូម ៨:១)។

ពេល​ដែល​ជេនណា​ផ្អែក​មក​លើ​ខ្ញុំ ហើយ​ខ្សិប​ដាក់​ខ្ញុំ​ថា នាង​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់ នៅ​លើ​ពិភព​លោក​ទំាង​មូល ខ្ញុំ​ក៏​បាន​ខ្សិបដាក់​នាង​វិញ​ថា ខ្ញុំ​ក៏​ស្រឡាញ់​នាង​ខ្លាំង​ណាស់ នៅ​លើ​ពិភព​លោក​ទាំង​មូល។ ហើយ​ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះ​អង្គ សម្រាប់​ការ​រំឭកដ៏​ស្រទន់​ថា ព្រះ​អង្គ​តែង​តែ​ឱប​ខ្ញុំ​ជាប់ នៅ​ក្នុង​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​ដែល​គ្មាន​ដែន​កំណត់។ —MONICA BRANDS