ក្មេងស្រីថ្នាក់ទី៧ម្នាក់បានចូលរួម នៅក្នុងការប្រកួតរត់ប្រណំាងថ្នាក់ជាតិជាលើកទីមួយ ប៉ុន្តែ នៅពេលដែលការប្រកួតមកដល់ នាងមិនចង់ទៅរត់មុខសោះ។ នាងបានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតនេះ តែនាងនៅតែខ្លាចរត់មិនឈ្នះគេ។ ទោះជាយ៉ាងណាក៏ដោយ នាងក៏បានចាប់ផ្តើមការប្រកួតជាមួយកីឡាករដទៃទៀត។ ក្រោយមក កីឡាកររត់ប្រណាំងទាំងឡាយក៏បានបញ្ចប់ការរត់ចម្ងាយ៣គីឡូម៉ែត្រ ទៅដល់ទីម្តងមួយៗ លើកលែងតែកីឡាករដ៏ស្ទាក់ស្ទើរម្នាក់នេះប៉ុណ្ណោះ ដែលមិនឃើញរត់នឹងគេ។ ទីបំផុត ម្តាយរបស់នាងដែលកំពុងមើលកូនស្រីរបស់ខ្លួនប្រកួត ក៏បានឃើញនាងឈរនៅម្នាក់ឯង។ គាត់ក៏បានទៅឈរនៅទី ដោយត្រៀមកម្សាន្តចិត្តអ្នកប្រកួតដែលកំពុងតែពិបាកចិត្តម្នាក់នេះ។ ពេលដែលអ្នករត់ប្រណំាងដ៏វ័យក្មេងនេះបានឃើញម្តាយរបស់នាង នាងក៏បានបន្លឺសម្លេងឡើងថា “ពិតជាប្រសើរណាស់!”
តើការរត់ទៅដល់ទីក្រោយគេ មានអ្វីដែលល្អ? គឺល្អនៅត្រង់ការបញ្ចប់ការរត់ប្រណាំងនោះឯង!
ក្មេងស្រីម្នាក់នេះបានព្យាយាមធ្វើកិច្ចការដែលពិបាក ហើយក៏បានសម្រេចកិច្ចការនោះ។ ព្រះគម្ពីរបានឲ្យកិត្តិយស ដល់អ្នកដែលខិតខំធ្វើការ ដោយឧស្សាហ៍ព្យាយាម។ ជាញឹកញាប់ យើងច្រើនតែឮគេនិយាយអំពីការខិតខំ និងឧស្សាហ៍ព្យាយាម នៅក្នុងវិស័យកីឡា ឬតន្រ្តី ឬក៏ការអ្វីផ្សេងទៀត ដែលតម្រូវឲ្យមានការស៊ូទ្រាំ និងប្រឹងប្រែង។
បទគម្ពីរសុភាសិត ១២:២៤ បានចែងថា “ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ”។ ហើយជំពូក១៤ ខ.២៣ ក៏បានចែងផងដែរថា “អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកំរៃ តែសំដីទទេៗនាំឲ្យក្រខ្សត់វិញ”។ គោលការណ៍ទាំងនេះ មិនមែនជាការសន្យាទេ តែអាចជួយយើងឲ្យបម្រើព្រះជាម្ចាស់បានល្អ។
ផែនការដែលព្រះទ្រង់មានសម្រាប់យើង តែងតែរាប់បញ្ចូលការធ្វើការថ្វាយទ្រង់។ សូម្បីតែមុនពេលអ័ដាមដែលជាមនុស្សដំបូងធ្លាក់ចូលក្នុងអំពើបាប គាត់ក៏ត្រូវធ្វើការក្នុងសួនច្បាអេដែនជាអ្នកថែសួនផងដែរ(លោកុប្បត្តិ ២:១៥)។ ហើយរាល់ការប្រឹងប្រែងទាំងអស់ដែលយើងបានធ្វើ គឺត្រូវធ្វើ “ឲ្យអស់ពីចិត្ត”(កូល៉ុស ៣:២៣)។ ចូរយើងធ្វើការ ដោយពឹងអាងកម្លាំងដែលទ្រង់ប្រទានយើង ហើយថ្វាយលទ្ធផលទៅទ្រង់។ —DAVE BRANON