មនុស្សម្នាបានឈរមើលដោយភាពស្ងាត់ស្ងៀម ខណៈពេលដែលកំអែលភ្នំភ្លើងបានហូរចេញមកយឺតៗ បញ្ចេញផ្សែងហុយៗ ហើយលាតសន្ធឹងនៅជាយកោះ ដែលស្ថិតនៅក្នុងតំបន់ត្រូពិច។ អ្នកស្រុកទាំងនោះឈរមើល ដោយទឹកមុខក្រៀមក្រំ តែទន្ទឹមនឹងនោះ ពួកគេក៏មានចិត្តស្ញប់ស្ញែងចំពោះបាតុភូមិធម្មជាតិនេះផងដែរ។ ភាគច្រើន ពួកគេហៅបាតុភូតនេះថា “ស្ថានសួគ៌”។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនោះ កំអែលភ្នំភ្លើង ដែលបានហូរកាត់ភូមិភូណា រដ្ឋហាវ៉ៃ បានរំឭកពួកគេរាល់គ្នាថា ទ្រង់បានបង្កើតប្រជុំកោះនេះ ពីអំណាចភ្នំភ្លើង ដែលគ្មានមនុស្សណាអាចបង្រាបបាន។
មានពេលមួយ ប្រជាជនអ៊ីស្រាអែលនៅសម័យបុរាណ ក៏បានប្រឈមមុខដាក់អំណាចមួយ ដែលគ្មានមនុស្សណាអាចបង្រ្កាបបាន។ ពេលដែលស្តេចដាវីឌដណ្តើមហឹបសញ្ញាពីសត្រូវមកវិញ(២សំាយ៉ូអែល ៦:១-៤) ពិធីអបអរក៏បានប្រារព្ធឡើង(ខ.៥) ប៉ុន្តែ នៅពេលនោះ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយសារគាត់លូកដៃទៅចាប់ទប់ហិបសញ្ញាឲ្យនឹង ពេលដែលគោកញ្រ្ជោលឡើង(ខ.៦-៧)។
រឿងនេះប្រហែលជាបានធ្វើឲ្យយើងគិតថា ព្រះទ័យរបស់ទ្រង់មិនអាចឲ្យយើងទាយស្មានបាន ដូចជាភ្នំភ្លើង ដោយទ្រង់ងាយនឹងបង្កើត ហើយក៏ងាយនឹងបំផ្លាញផងដែរ។ ប៉ុន្តែ យើងមិនត្រូវគិតដូចនេះឡើយ។ ក្នុងរឿងនេះ យើងត្រូវដឹងថា ព្រះជាម្ចាស់មានបន្ទូលបង្គាប់ពួកអ៊ីស្រាអែលយ៉ាងជាក់លាក់ អំពីរបៀបទុកដាក់វត្ថុ ដែលទ្រង់បានញែកសម្រាប់តែការថ្វាយបង្គំទ្រង់(មើលជនគណនា ៤)។ ពួកអ៊ីស្រាអែលមានឯកសិទ្ធិនៅក្នុងការចូលទៅជិតព្រះ ប៉ុន្តែ ព្រះវត្តមានទ្រង់មានអំណាចដ៏លើសលប់ បានជាពួកគេមិនអាចចូលទៅជិតទ្រង់ ដោយគ្មានការប្រុងប្រយ័ត្នបានឡើយ។
បទគម្ពីរហេព្រើរ ជំពូក១២ បាននិយាយអំពី ភ្នំ “ដែលមានភ្លើងឆេះ” ពេលដែលព្រះទ្រង់ប្រទានក្រឹត្យវិន័យ១០ប្រការដល់លោកម៉ូសេ។ ភ្នំនោះបានធ្វើឲ្យគេរាល់គ្នាភិតភ័យ(ខ.១៨-២១)។ ប៉ុន្តែ អ្នកនិពន្ធបទគម្ពីរនេះ បានលើកទឹកចិត្តយើងកុំឲ្យមានការភ័យខ្លាចនៅក្នុងការចូលទៅជិតព្រះ ព្រោះព្រះយេស៊ូវបានធ្វើជាស្ពាន ឬជាអ្នកកណ្តាលនៃសញ្ញាថ្មី(ខ.២២-២៤)។ ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះ បានបើកផ្លូវឲ្យយើងចូលទៅជិតព្រះបិតាទ្រង់ ដែលមានអំណាចខ្ពស់បំផុត តែមានពេញដោយក្តីស្រឡាញ់។—TIM GUSTAFSON