មនុស្ស​ម្នា​បាន​ឈរ​មើល​ដោយ​ភាព​ស្ងាត់​ស្ងៀម ខណៈ​ពេល​ដែល​កំអែល​ភ្នំ​ភ្លើង​បាន​ហូរ​ចេញ​មក​យឺត​ៗ បញ្ចេញ​ផ្សែង​ហុយ​ៗ ហើយ​លាត​សន្ធឹង​នៅ​ជាយ​កោះ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ត្រូ​ពិច។ អ្នក​ស្រុក​ទាំង​នោះ​ឈរ​មើល ដោយ​ទឹក​មុខ​ក្រៀម​ក្រំ តែ​ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​បាតុ​ភូមិ​ធម្មជាតិ​នេះ​ផង​ដែរ។ ភាគ​ច្រើន ពួក​គេ​ហៅ​បាតុ​ភូត​នេះ​ថា “ស្ថាន​សួគ៌”។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​នោះ កំអែល​ភ្នំ​ភ្លើង ដែល​បាន​ហូរ​កាត់​ភូមិ​ភូណា រដ្ឋ​ហាវ៉ៃ បាន​រំឭក​ពួក​គេ​រាល់​គ្នា​ថា ទ្រង់​បាន​បង្កើត​ប្រជុំ​កោះ​នេះ ​ពី​អំណាច​ភ្នំ​ភ្លើង ដែល​គ្មាន​មនុស្ស​ណា​អាច​បង្រាប​បាន។

មាន​ពេល​មួយ ប្រជាជន​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ក៏​បាន​ប្រឈម​មុខ​ដាក់​អំណាច​មួយ ដែល​គ្មាន​មនុស្ស​ណា​អាច​បង្រ្កាប​បាន។ ពេល​ដែល​ស្តេច​ដាវីឌ​ដណ្តើម​ហឹប​សញ្ញា​ពី​សត្រូវ​មក​វិញ(២សំាយ៉ូអែល ៦:១-៤) ពិធី​អប​អរ​ក៏​បាន​ប្រារព្ធ​ឡើង(ខ.៥) ប៉ុន្តែ នៅ​ពេល​នោះ បុរស​ម្នាក់​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​គាត់​លូក​ដៃ​ទៅ​ចាប់​ទប់​ហិប​សញ្ញា​ឲ្យ​នឹង ពេល​ដែល​គោក​ញ្រ្ជោល​ឡើង(ខ.៦-៧)។

រឿង​នេះ​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​យើង​គិត​ថា ព្រះ​ទ័យ​របស់​ទ្រង់​មិន​អាច​ឲ្យ​យើង​ទាយ​ស្មាន​បាន​ ដូច​ជា​ភ្នំ​ភ្លើង ដោយ​ទ្រង់​ងាយ​នឹង​បង្កើត ហើយ​ក៏​ងាយ​នឹង​បំផ្លាញ​ផង​ដែរ។ ប៉ុន្តែ យើង​មិន​ត្រូវ​គិត​ដូច​នេះ​ឡើយ។ ក្នុង​រឿង​នេះ យើង​ត្រូវ​ដឹង​ថា ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​បង្គាប់​ពួក​អ៊ីស្រាអែល​យ៉ាង​ជាក់​លាក់ អំពី​របៀប​ទុក​ដាក់​វត្ថុ ដែល​ទ្រង់​បាន​ញែក​សម្រាប់​តែ​ការ​ថ្វាយ​បង្គំ​ទ្រង់​(មើល​ជនគណនា ៤)។ ពួក​អ៊ីស្រាអែល​មាន​ឯក​សិទ្ធិ​នៅ​ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះ ប៉ុន្តែ ព្រះ​វត្ត​មាន​ទ្រង់​មាន​អំណាច​ដ៏​លើស​លប់ បាន​ជាពួក​គេ​មិន​អាច​ចូល​ទៅ​ជិត​ទ្រង់ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​បាន​ឡើយ។

បទ​គម្ពីរ​ហេព្រើរ ជំពូក​១២ បាន​និយាយ​អំពី ភ្នំ “ដែល​មាន​ភ្លើង​ឆេះ” ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្រឹត្យ​វិន័យ​១០​ប្រការ​ដល់​លោកម៉ូសេ។ ភ្នំ​នោះ​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​ភិត​ភ័យ(ខ.១៨-២១)។ ប៉ុន្តែ អ្នក​និពន្ធ​បទ​គម្ពីរ​នេះ បាន​លើក​ទឹក​ចិត្ត​យើង​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះ ព្រោះ​ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​ស្ពាន ឬ​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី​(ខ.២២-២៤)។ ព្រះយេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​បិតា​ទ្រង់ ដែល​មាន​អំណាច​ខ្ពស់​បំផុត តែ​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់។—TIM GUSTAFSON