កាល​ពី​ឆ្នាំ​២០១៥ ស្រ្តី​ម្នាក់​បាន​យក​កំព្យូទ័រ​របស់​ស្វាមី​គាត់ ទៅ​បោះ​ចោល​នៅ​មជ្ឈ​មណ្ឌល​កែឆ្នៃ​វត្ថុ​ចាស់​ៗ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​លា​ចាក​លោក​ទៅ កាល​ពី​ពេល​កន្លង​ទៅ។ វា​ជា​កំព្យូទ័រ​ដែល​គេ​បាន​ផលិត កាល​ពី​ឆ្នាំ​១៩៧៦។ ការ​ដឹង​អំពីឆ្នាំ ផលិត​របស់​កំព្យូទ័រ​នោះ គឺ​សំខាន់​តែ​ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៀត​នោះ គឺនរណា ជា​អ្នក​ផលិត​វា។ តាម​ពិត វា​ស្ថិត​នៅ​ក្នុង​ចំណោម​កំព្យូទ័រ​ទាំង​២០០​គ្រឿង ដែល​ត្រូវ​បាន​ផលិត​មុខ​គេ ដោយ​លោក​ស្ទីវ ចប(Steve Jobs) ដែល​ជា​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​អេភល​ដ៏​ល្បី​ល្បាញ ហើយ​វា​មាន​តម្លៃ​ប្រហែល​២៥​ម៉ឺន​ដុល្លា! ជួន​កាល ដើម្បី​ដឹង​អំពី​តម្លៃ​ពិត​ប្រាកដ នៃ​របស់​អ្វី​មួយ យើង​ត្រូវ​ដឹង​ថា នរណា​ជា​អ្នក​បង្កើត​វា។

ពេល​ណា​យើង​ដឹង​ថា ព្រះ​ជា​អ្នក​បង្កើត​យើង​រាល់​គ្នា នោះ​យើង​​បាន​ដឹង​ផង​ដែរ​ថា យើង​មាន​តម្លៃ​ប៉ុណ្ណា នៅ​ក្នុង​ព្រះ​អង្គ(លោកុប្បត្តិ ១:២៧)។ បទ​គម្ពីរ​ទំនុក​ដំកើង ១៣៥ បាន​ពិពណ៌​នា អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ ដែល​សាសន៍​អ៊ីស្រាអែល ​ជា​រាស្រ្ត​របស់​ព្រះ​បាន​ជួប។ បទ​គម្ពីរ​នេះ​បាន​និយាយ​អំពី​របៀប​ដែល​ព្រះ​អង្គ​បាន​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​នៅ​នគរ​អេស៊ីព្ទ​(ខ.១១-១២) និង​អំពី​ការ​ធ្វើ​ដំណើរ​កាត់​តាម​វាល​រហោ​ស្ថាន(ខ.១៦) ហើយ​បាន​ទទួល​កន្លែង​រស់​នៅ​ថ្មី នៅ​ក្នុង​ទឹក​ដី​កាណាន(ខ.២១-២២)។ ប៉ុន្តែ រៀង​រាល់​ពេល​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​ប្រវត្តិ​សាស្រ្ត​របស់​អ៊ីស្រាអែល នោះ​ព្រះ​គម្ពីរ​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា “សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​និច្ច”។ រឿង​នេះ​ក៏​បាន​រំឭក​ប្រជាជន​អ៊ីស្រាអែល​ផង​ដែរ​ថា ព្រឹត្តិ​ការណ៍ប្រវត្តិ​សាស្រ្ត​របស់​ជាតិ​សាសន៍​ពួក​គេ មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ។ ព្រឹត្តិការណ៍​នីមួយ​ៗ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​ឆ្លុះ​បញ្ចំាង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ទ្រង់​មាន​ចំពោះ​អ្នក​ដែល​ទ្រង់​បាន​បង្កើត។

ក្នុង​ជីវិត​ខ្ញុំ​មាន​ព្រឹត្តិ​ការណ៍​ជា​ច្រើន ដែល​បាន​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ខ្ញុំ ដោយ​ព្រះ​ទ័យ​សប្បុរស។ តែ​ជា​ញឹក​ញាប់  នៅ​ក្នុង​ព្រឹត្តិការណ៍​ ឬ​រឿង​ទាំង​អស់​នោះ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា គ្រប់​ទាំង​អំណោយ​ដែល​ឥត​ខ្ចោះ ​គឺ​សុទ្ធ​តែ​មក​ពីព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌(យ៉ាកុប ១:១៧) ដែល​បាន​បង្កើត​ខ្ញុំ និង​ស្រឡាញ់​ខ្ញុំ។ សូម​យើង​រៀន​តភ្ជាប់​ព្រះ​ពរ​ទាំង​អស់​ក្នុង​ជីវិត​យើង ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ។—PETER CHIN