លោក​នេត(Nate) និង​អ្នក​ស្រី​សឺរីលីន(Sherilyn) មាន​ចិត្ត​សប្បាយ​រីក​រាយ ពេល​ដែល​បាន​ឈប់​ឡាន​តាម​ផ្លូវ ដើម្បី​ចូល​ញាំ​អាហារ នៅ​ក្នុង​ភោជនីយដ្ឋាន អូម៉ាកាសេ ក្នុង​ដំណើរ​កំសាន្ត​នៅ​ទីក្រុង​ញូយ៉ក។ អូម៉ាកាសេ ជា​ពាក្យ​មួយ​ក្នុង​ភាសា​ជប៉ុន​ប្រែ​មក​ថា “ស្រេច​តែ​លើ​អ្នក” បាន​សេចក្តី​ថា នៅ​ភោជនីយ​ដ្ឋាន​ប្រភេទ​នេះ ភ្ញៀវ​ឲ្យ​ចុង​ភៅ​ជ្រើស​រើស​មុខ​ម្ហូប​ឲ្យ​ខ្លួន។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ពួក​គេ​បាន​សាក​ល្បង​មុខ​ម្ហូប​នោះ ហើយ​ហាក់​ដូច​ជា​ប្រថុយ​បន្តិច ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ចូល​ចិត្ត​អាហារ​ដែល​ចុង​ភៅ​បាន​ជ្រើស​រើស និង​ចម្អិន​ឲ្យ​ពួក​គេ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អាកប្ប​កិរិយា ដែល​យើង​ត្រូវ​មាន ពេល​ដែល​យើង​ចូល​ទៅ​ចំពោះ​ព្រះ ដើម្បី​ទូល​សូម​អ្វី​មួយ។ យើង​ត្រូវ​មាន​ចិត្ត​មួយ ដែល​ចង់​ឲ្យ “ព្រះ​ទ្រង់​សម្រេច តាម​បំណង​ព្រះ​ទ័យ​ទ្រង់”។ ពួក​សាវ័ក​បាន​ឃើញ​ព្រះ​យេស៊ូវ “យាង​ទៅ​ទីស្ងាត់​តែ​ម្នាក់​ឯង ដើម្បី​អធិស្ឋាន”(លូកា ៥:១៦) ហេតុ​នេះ​ហើយ ថ្ងៃ​មួយ ពួក​គេ​ក៏​បាន​សូម​ឲ្យ​ទ្រង់​បង្រៀន​ពួក​គេ​អធិស្ឋាន។ ទ្រង់​ក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ សូម​ការ​អត់​ទោស​បាប និង​សូម​ផ្លូវ​គេច​ចេញ​ពី​ការ​ល្បួង។ ហើយ​ដែល​សំខាន់​បំផុត​នោះ គឺ​ទ្រង់​បាន​ឲ្យ​ពួក​គេ​មាន​ផ្នត់​គំនិត​មួយ​ដែល​ចុះ​ចូល​នឹង​ព្រះ​ទ័យ​ព្រះ ដោយ​ទូល​ “សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ”(ម៉ាថាយ ៦:១០)។

យើង​អាច​ទូល​សូម​ព្រះ​ទ្រង់​បំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង ព្រោះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ស្តាប់​យើង​អធិស្ឋាន ចេញ​ពី​ចិត្ត​យើង ហើយ​ទ្រង់​ក៏​សប្បាយ​ព្រះ​ទ័យ នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង​ផង​ដែរ។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​មនុស្ស ដែលសមត្ថ​ភាព​មាន​កំណត់ យើង​មិន​តែង​តែ​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង​ ហើយយើង​ក៏​សម្រេច​ចិត្ត​ខុស​ជា​ញឹក​ញាប់ ហេតុ​នេះ​ហើយ បាន​ជា​យើង​ចំាបាច់​ត្រូវ​ទូល​សូម​ដោយ​វិញ្ញាណ​ដែល​បន្ទាប​ខ្លួន ដោយ​ការ​ចុះ​ចូល​នឹង​ព្រះ​អង្គ។ យើង​អាច​សូម​ឲ្យ​ព្រះ​ទ្រង់​ឆ្លើយ​តប តាម​បំណង​ព្រះ​ទ័យ​ទ្រង់ ដោយ​ទុក​ចិត្ត​ថា ទ្រង់​មាន​លក្ខណៈ​គួរ​ឲ្យ​យើង​ទុក​ចិត្ត ហើយ​ទ្រង់​នឹងជ្រើស​រើស​អ្វី ដែល​ល្អ​សម្រាប់​យើង។ —ANNE CETAS