កាលពីឆ្នាំ២០១៥ ស្រ្តីម្នាក់បានយកកំព្យូទ័ររបស់ស្វាមីគាត់ ទៅបោះចោលនៅមជ្ឈមណ្ឌលកែឆ្នៃវត្ថុចាស់ៗ បន្ទាប់ពីស្វាមីរបស់គាត់បានលាចាកលោកទៅ កាលពីពេលកន្លងទៅ។ វាជាកំព្យូទ័រដែលគេបានផលិត កាលពីឆ្នាំ១៩៧៦។ ការដឹងអំពីឆ្នាំ ផលិតរបស់កំព្យូទ័រនោះ គឺសំខាន់តែដែលកាន់តែសំខាន់ជាងនេះទៀតនោះ គឺនរណា ជាអ្នកផលិតវា។ តាមពិត វាស្ថិតនៅក្នុងចំណោមកំព្យូទ័រទាំង២០០គ្រឿង ដែលត្រូវបានផលិតមុខគេ ដោយលោកស្ទីវ ចប(Steve Jobs) ដែលជាស្ថាបនិកនៃក្រុមហ៊ុនអេភលដ៏ល្បីល្បាញ ហើយវាមានតម្លៃប្រហែល២៥ម៉ឺនដុល្លា! ជួនកាល ដើម្បីដឹងអំពីតម្លៃពិតប្រាកដ នៃរបស់អ្វីមួយ យើងត្រូវដឹងថា នរណាជាអ្នកបង្កើតវា។
ពេលណាយើងដឹងថា ព្រះជាអ្នកបង្កើតយើងរាល់គ្នា នោះយើងបានដឹងផងដែរថា យើងមានតម្លៃប៉ុណ្ណា នៅក្នុងព្រះអង្គ(លោកុប្បត្តិ ១:២៧)។ បទគម្ពីរទំនុកដំកើង ១៣៥ បានពិពណ៌នា អំពីព្រឹត្តិការណ៍សំខាន់ៗ ដែលសាសន៍អ៊ីស្រាអែល ជារាស្រ្តរបស់ព្រះបានជួប។ បទគម្ពីរនេះបាននិយាយអំពីរបៀបដែលព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីភាពជាទាសករនៅនគរអេស៊ីព្ទ(ខ.១១-១២) និងអំពីការធ្វើដំណើរកាត់តាមវាលរហោស្ថាន(ខ.១៦) ហើយបានទទួលកន្លែងរស់នៅថ្មី នៅក្នុងទឹកដីកាណាន(ខ.២១-២២)។ ប៉ុន្តែ រៀងរាល់ពេលដែលព្រះគម្ពីរនិយាយអំពីប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល នោះព្រះគម្ពីរក៏បានរំឭកយើងផងដែរថា “សេចក្តីស្រឡាញ់របស់ទ្រង់ស្ថិតស្ថេរជានិច្ច”។ រឿងនេះក៏បានរំឭកប្រជាជនអ៊ីស្រាអែលផងដែរថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ជាតិសាសន៍ពួកគេ មិនបានកើតឡើងដោយចៃដន្យឡើយ។ ព្រឹត្តិការណ៍នីមួយៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយបានឆ្លុះបញ្ចំាងអំពីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលទ្រង់មានចំពោះអ្នកដែលទ្រង់បានបង្កើត។
ក្នុងជីវិតខ្ញុំមានព្រឹត្តិការណ៍ជាច្រើន ដែលបានបង្ហាញថា ព្រះជាម្ចាស់កំពុងធ្វើការក្នុងជីវិតខ្ញុំ ដោយព្រះទ័យសប្បុរស។ តែជាញឹកញាប់ នៅក្នុងព្រឹត្តិការណ៍ ឬរឿងទាំងអស់នោះ ខ្ញុំត្រូវទទួលស្គាល់ថា គ្រប់ទាំងអំណោយដែលឥតខ្ចោះ គឺសុទ្ធតែមកពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌(យ៉ាកុប ១:១៧) ដែលបានបង្កើតខ្ញុំ និងស្រឡាញ់ខ្ញុំ។ សូមយើងរៀនតភ្ជាប់ព្រះពរទាំងអស់ក្នុងជីវិតយើង ជាមួយនឹងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ។—PETER CHIN