សត្វ​ឈ្លូស​​អាហ្រ្វិក​តែង​តែ​បង្កើត “រង្វង់​នៃ​ការ​ប្រុង​ប្រយ័ត្ន” តាម​សភាវ​គតិ​របស់​ពួក​វា ខណៈ​ពេល​ដែល​ពួក​វា​កំពុង​តែ​សម្រាក នៅ​ក្នុង​វាល​ស្មៅ។ ពួក​វា​នៅ​ជុំ​គ្នា​ជា​ក្រុម​ៗ ដោយ​សត្វ​នីមួយ​ៗ​បែរ​ក្បាល​ទៅ​រក​ទិស​ដៅ​ខុស​ៗ​គ្នា។ ការ​នេះ​ជួយ​ពួក​វា​ឲ្យ​អាច​ពិនិត្យ​មើល​ជុំវិញ​ខ្លួន​ពួក​វា​បាន​៣៦០​ដឺក្រេ ហើយ​អាច​បញ្ជូន​សញ្ញា​ប្រកាស់​អាសន្ន​ដល់​គ្នា​វា ពេល​ដែល​មាន​គ្រោះ​ថ្នាក់ ឬ​ឱកាស​ចូល​មក​រក​ពួក​វា។

ពួក​វា​បាន​រក​មើល​គ្រោះ​ថ្នាក់ មិន​មែន​ដើម្បី​តែ​ខ្លួន​ឯង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ សមាជិក​ក្រុម​នីមួយ​ៗ​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ក៏​ជា​អ្វី​ដែល​ព្រះ​ដ៏​មាន​ប្រាជ្ញា​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​អនុវត្ត​ផង​ដែរ។ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ”(ហេព្រើរ ១០:២៤-២៥)។

បទ​គម្ពីរ​ហេព្រើរ​បាន​បញ្ជាក់​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់ នៅ​ម្នាក់​ឯង​ឡើយ។ កាល​ណា​យើង​រួប​រួម​គ្នា នោះ​យើង​ក៏​កាន់​តែ​មាន​ភាព​រឹង​មាំ​ផង​ដែរ។ យើង​អាច “លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.២៥) និង​កម្សាន្ត​ចិត្ត​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ ដោយ​ការ​កម្សាន្ត​ចិត្ត​ដែល​យើង​បាន​ទទួល​ពី​ព្រះ​(២កូរិនថូស ១:៤) ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ដែល​តែង​តែ​ក្រវែល ទាំង​គ្រហឹម​ដូច​សត្វសិង្ហ ដោយ​ស្វែង​រក​នរណា​ម្នាក់ ដែល​វា​អាច​ត្របាក់​លេប​បាន​(១ពេត្រុស ៥:៨)។

គោលដៅ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​មិន​គ្រាន់​តែ​ដើម្បី​ឲ្យ​មាន​ជីវិត​រស់​នៅ​ប៉ុណ្ណោះ​ឡើយ តែ​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះយេស៊ូវ ដោយ​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់ និង​មាន​ប្រសិទ្ធិ​ភាព ក្នុង​លោកិយ​នេះ ​គឺ​ជា​អ្នក​ដែល​មាន​ក្តី​សង្ឃឹម​រួម ចំពោះ​ការ​មក​ដល់​នៃ​នគរ​ព្រះ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ហើយ​ព្រះ​ជា​ម្ចាស់​នឹង​ជួយ​យើង ឲ្យ​យក​អសារ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​ដែល​យើង​រួម​គ្នា​ចូល​ទៅ​ជិត​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់។ —JAMES BANKS