សត្វឈ្លូសអាហ្រ្វិកតែងតែបង្កើត “រង្វង់នៃការប្រុងប្រយ័ត្ន” តាមសភាវគតិរបស់ពួកវា ខណៈពេលដែលពួកវាកំពុងតែសម្រាក នៅក្នុងវាលស្មៅ។ ពួកវានៅជុំគ្នាជាក្រុមៗ ដោយសត្វនីមួយៗបែរក្បាលទៅរកទិសដៅខុសៗគ្នា។ ការនេះជួយពួកវាឲ្យអាចពិនិត្យមើលជុំវិញខ្លួនពួកវាបាន៣៦០ដឺក្រេ ហើយអាចបញ្ជូនសញ្ញាប្រកាស់អាសន្នដល់គ្នាវា ពេលដែលមានគ្រោះថ្នាក់ ឬឱកាសចូលមករកពួកវា។
ពួកវាបានរកមើលគ្រោះថ្នាក់ មិនមែនដើម្បីតែខ្លួនឯងនោះទេ តែផ្ទុយទៅវិញ សមាជិកក្រុមនីមួយៗថែរក្សាគ្នាទៅវិញទៅមក។ នេះក៏ជាអ្វីដែលព្រះដ៏មានប្រាជ្ញាសព្វព្រះទ័យឲ្យអ្នកដើរតាមព្រះយេស៊ូវអនុវត្តផងដែរ។ គឺដូចដែលព្រះគម្ពីរបានលើកទឹកចិត្តយើងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ”(ហេព្រើរ ១០:២៤-២៥)។
បទគម្ពីរហេព្រើរបានបញ្ជាក់ច្បាស់ថា ព្រះជាម្ចាស់មិនដែលសព្វព្រះទ័យឲ្យគ្រីស្ទបរិស័ទណាម្នាក់ នៅម្នាក់ឯងឡើយ។ កាលណាយើងរួបរួមគ្នា នោះយើងក៏កាន់តែមានភាពរឹងមាំផងដែរ។ យើងអាច “លើកទឹកចិត្តគ្នាទៅវិញទៅមក”(ខ.២៥) និងកម្សាន្តចិត្តអ្នកដែលមានទុក្ខព្រួយ ដោយការកម្សាន្តចិត្តដែលយើងបានទទួលពីព្រះ(២កូរិនថូស ១:៤) ហើយជួយអ្នកដទៃឲ្យមានការប្រុងប្រយ័ត្ន ចំពោះអារក្សដែលជាខ្មាំងសត្រូវរបស់យើង ដែលតែងតែក្រវែល ទាំងគ្រហឹមដូចសត្វសិង្ហ ដោយស្វែងរកនរណាម្នាក់ ដែលវាអាចត្របាក់លេបបាន(១ពេត្រុស ៥:៨)។
គោលដៅនៃការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក គឺមិនគ្រាន់តែដើម្បីឲ្យមានជីវិតរស់នៅប៉ុណ្ណោះឡើយ តែដើម្បីធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ ដោយធ្វើជាអ្នកបម្រើព្រះដែលមានក្តីស្រឡាញ់ និងមានប្រសិទ្ធិភាព ក្នុងលោកិយនេះ គឺជាអ្នកដែលមានក្តីសង្ឃឹមរួម ចំពោះការមកដល់នៃនគរព្រះ។ យើងម្នាក់ៗសុទ្ធតែត្រូវការការលើកទឹកចិត្ត ហើយព្រះជាម្ចាស់នឹងជួយយើង ឲ្យយកអសារគ្នាទៅវិញទៅមក ខណៈពេលដែលយើងរួមគ្នាចូលទៅជិតទ្រង់ ដោយសេចក្តីស្រឡាញ់។ —JAMES BANKS