មានពេលមួយកូនស្រីរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំ ដោយការភិតភ័យ ពេលដែលខ្ញុំកំពុងតែបើកឡាន ចូលទៅក្នុងផ្លូវចូលផ្ទះ។ នាងសួរខ្ញុំថា “ប៉ា នៅឯណា?” ខ្ញុំត្រូវទៅដល់ផ្ទះនៅម៉ោង៦ ដើម្បីជូននាងទៅហាត់សមការសម្តែងរឿង។ ខ្ញុំបានមកដល់ផ្ទះទាន់ម៉ោងហើយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សម្លេងរបស់កូនស្រីខ្ញុំ បានបង្ហាញថា គាត់ខ្វះទំនុកចិត្តចំពោះខ្ញុំ។ ខ្ញុំក៏បានឆ្លើយតបភ្លាមៗថា “ប៉ានៅទីនេះទេ ហេតុអ្វីកូនមិនទុកចិត្តប៉ា?”
ពេលដែលខ្ញុំនិយាយពាក្យនេះចេញមក ខ្ញុំក៏បាននឹកចាំថា តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំមិនបានទុកចិត្តព្រះវរបិតា ដែលគង់នៅស្ថានសួគ៌? នៅពេលខ្លះ ខ្ញុំមានភាពតានតឹងយ៉ាងខ្លាំង ខ្ញុំក៏ខ្វះភាពអត់ធ្មត់ផងដែរ។ ខ្ញុំក៏មានការពិបាក នៅក្នុងការទុកចិត្តព្រះអង្គ គឺពិបាកនឹងទុកចិត្តថា ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ដូចនេះ ខ្ញុំក៏បានសួរព្រះអង្គថា “ព្រះវរបិតា តើព្រះអង្គនៅទីណា?”
ក្នុងពេលដែលមានភាពតានតឹង និងភាពមិនច្បាស់លាស់ ជូនកាល ខ្ញុំមានការសង្ស័យចំពោះព្រះវត្តមានព្រះ ឬថែមទាំងសង្ស័យចំពោះសេចក្តីល្អ និងបំណងព្រះទ័យដែលទ្រង់មានចំពោះខ្ញុំផងដែរ។ ពួកអ៊ីស្រាអែលក៏មានបញ្ហានេះដែរ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៣១ ពួកគេកំពុងតែត្រៀមខ្លួនចូលទឹកដីសន្យា ដោយដឹងថា លោកម៉ូសេ ដែលជាអ្នកដឹកនាំរបស់ពួកគេ នឹងមិនបានចូលទឹកដីសន្យាឡើយ។ លោកម៉ូសេក៏បានព្យាយាមកំឡាចិត្តរាស្រ្តរបស់ព្រះ ដោយរំឭកពួកគេថា “គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ”(ខ.៨)។
ព្រះទ្រង់បានសន្យាថា ទ្រង់តែងតែគង់នៅជាមួយយើងជានិច្ច។ ព្រះបន្ទូលសន្យានេះនៅតែធ្វើជាមូលដ្ឋានគ្រឹះនៃជំនឿរបស់យើង ក្នុងពេលបច្ចុប្បន្ន(មើល ម៉ាថាយ ១:២៣ និង ហេព្រើរ ១៣:៥)។ ជាការពិតណាស់ បទគម្ពីរវិវរណៈ ២១:៣ បានបញ្ជាក់កាន់តែច្បាស់ថែមទៀតថា “មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ”។
តើព្រះទ្រង់នៅទីណា ពេលយើងមានបញ្ហា? ទ្រង់នៅក្បែរយើងជានិច្ច រាល់វេលា ដោយត្រៀមជាស្រេច ដើម្បីស្តាប់ពាក្យអធិស្ឋានរបស់យើង។—ADAM HOLZ