ខ្សែ​ភាព​យន្ត​រឿង​ហ្វូរេស ហ្កាំ ជា​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​នៅ​ឆ្នាំ​១៩៩៤។ ក្នុង​រឿង​នេះ ហ្វូរេស គឺ​ជា​តួអង្គ​ដែល​មាន​ភាព​ល្បី​ឈ្មោះ ដោយសារ​គាត់​ពូកែ​រត់។ ពី​ដំបូង​គាត់​គ្រាន់​តែ​រត់​ត្រឹក​ៗ​ទៅ​ឲ្យ​ដល់​ចុង​ផ្លូវ​ម្ខាង​ទៀត ដើម្បី​ហាត់​ប្រាណ។ តែ​ក្រោយ​មក​គាត់​ចេះ​តែ​បន្ត​ការ​រត់​ជា​ច្រើន​វគ្គ អស់​រយៈ​ពេល​៣​ឆ្នាំ ២ខែ ១៤ថ្ងៃ ១៦ម៉ោង។ រៀង​រាល់​ពេល​គាត់​បាន​ទៅ​ដល់​គោល​ដៅនីមួយ​ៗ គាត់​តែង​តែ​កំណត់​គោល​ដៅ​បន្ទាប់​ទៀត ហើយ​បន្ត​រត់ តាម​ផ្លូវ​ក្រងិក​ក្រងុក ទៅ​ដល់​ចុង​ម្ខាង​ទៀត​នៃ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក ​រហូត​ដល់​ថ្ងៃ​មួយ ពេល​ដែល​គាត់​មិន​មាន​អារម្មណ៍​ថា ចង់​រត់​ទៀត។ ការ​រត់​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ដំបូង គឺ​ដោយ​សារ​គាត់​មាន​អារម្មណ៍​ថា ចង់​រត់។ លោក​ហ្វូរេស​ក៏​បាន​និយាយ​ថា “នៅ​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​រត់ ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់”។

សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​អាន​សំបុត្រ​របស់​គាត់ ឲ្យ​យក​តម្រាប់​តាម​គាត់ ហើយ “រត់​ប្រណាំង​តាម​បែប​ដែល​បាន​រង្វាន់”(១កូរិនថូស ៩:២៤) គឺ​ខុស​ពី​លោក​ហ្វូរេស ដែល​បាន​រត់ ដោយ​គ្មាន​មូល​ហេតុ​ដ៏​ជាក់​លាក់​ណា​មួយ។ ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ គឺ​សំដៅ​ទៅ​លើ​របៀប​នៃ​ការ​រស់​នៅ​របស់​យើង ដែល​ប្រហែល​ជា​ត្រូវ​បដិសេធ​ការ​សប្បាយ​មួយ​ចំនួន ក្នុង​ជីវិត​យើង គឺ​មិន​ខុស​ពីកីឡាករ​រត់​ប្រណាំង​ដែល​មាន​ការ​លត់​ដំ​នោះ​ឡើយ។ ការ​ហ៊ាន​លះ​បង់​សិទ្ធិ ដែល​យើង​មាន នៅ​ក្នុង​ការ​ជ្រើស​រើស​យក​ការ​សប្បាយ អាច​ជួយ​ឲ្យ​យើង​ឈោង​ចាប់​អ្នក​ដទៃ ដោយ​ការ​ប្រកាស់​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​រួច​ពី​បាប និង​សេចក្តី​ស្លាប់។​

ចូរ​យើង​ដាក់​គោល​ដៅ​ថា យើង​នឹង​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ចូល​រួម នៅ​ក្នុង​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ​ជា​មួយ​យើង ដោយ​ដឹង​ថា យើង​នឹង​បាន​ទទួល​រង្វាន់​នៅ​ទី​បំផុត ដែល​ជា​ការ​ប្រកប​អស់​កល្ប​ជា​និច្ច​ជា​មួយ​ព្រះ តាម​ព្រះ​បន្ទូល​សន្យា។ មកុដ​ដែល​ព្រះ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​ដែល​មាន​ជ័យ​ជម្នះ នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ យើង​នឹង​ឈ្នះ​បាន​មកុដ​នោះ ដោយ​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ ដោយ​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ទ្រង់ ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ទ្រង់។ ពេល​នេះ​ជា​រដូវ​កាល​នៃ​ការ​រត់​ប្រណាំង​ហើយ​។—KIRSTEN HOLMBERG