ទាហាន​ដែល​បាន​ប្រយុទ្ធ​គ្នា នៅ​ក្នុង​ព្រៃ ​មាន​អាកាស​ធាតុ​ក្តៅ​ស្អុះ​ស្អាប់ ជា​ច្រើន​ឆ្នាំ​កន្លង​មក បាន​ជួប​ប្រទះ​នូវ​បញ្ហា​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ជា​ច្រើន ។ នៅ​ក្នុង​ព្រៃ​ទាំង​នោះ មាន​វល្លិ​ដែល​មាន​បន្លា​ស្អិត​ទាក់​ជាប់​ខ្លួន និង​ឧបករណ៍​របស់​ទាហាន​ទាំង​នោះ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ខ្លួន​ទៅ​ណា​មិន​រួច។ ពេល​ដែល​ពួក​ព្យាយាម​រើ​ខ្លួន​ឲ្យ​រួច មែក​របស់​រុក្ខ​ជាតិ​ទាំង​នោះ ក៏​បាន​មក​ព័ទ្ធ​ខ្លួន​ពួក​គេ​កាន់​តែ​ច្រើន។ ពួក​គេ​ក៏​បាន​ដាក់​រហ័ស​នាម ឲ្យ​វល្លិ​នោះ​ថា វល្លិ“ចាំ​មួយ​ភ្លែត​សិន” ព្រោះ​ពេល​ណាពួក​គេ​ជាប់​ខ្លួន​នឹង​វ័ល្ល​នោះ មិន​អាច​ផ្លាស់​ទី​ទៅ​មុខ​ទៀត ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ស្រែក​ប្រាប់​គ្នា​របស់​ពួក​គេ​ថា “អេហ៍ ចាំ​មួយ​ភ្លែត​សិន ខ្ញុំ​ជាប់​ខ្លួន​ហើយ”។

ដំណើរ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​នេះ​ដែរ។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ពិបាក​នៅ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ នៅពេល​ដែល​អំពើ​បាប​បាន​ចង​រឹត​ពួក​គេ​ជាប់។ បទ​គម្ពីរ​ហេព្រើរ ១២:១ បាន​ប្រាប់​យើង​ឲ្យ “​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំ‌វិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”។ ប៉ុន្តែ ធ្វើ​ដូចម្តេច ឲ្យ​យើង​អាច​ដោះ​បន្ទុក​នៃ​អំពើ​បាប​ដ៏​ធ្ងន់ ចេញ​ពី​ជីវិត​យើង?

មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​រំដោះ​យើង ឲ្យ​រួច​ពី​អំពើ​បាប​ដ៏​ស្អិត នៅ​ក្នុង​ជីវិត​យើង។ សូម​យើង​រៀន​មើល​ទៅ​ព្រះ​អង្គ ដែល​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង(១២:២)។ ដោយ​សារ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ បាន​មក​យក​កំណើត​ជា​មនុស្ស​ទាំង​ស្រុង នោះ​ទ្រង់​ក៏ធ្លាប់​ឆ្លង​កាត់​ការ​ល្បួង​ផង​ដែរ តែ​ទ្រង់​មិន​ដែល​បាន​ធ្វើ​អំពើ​បាប​សោះ​(២:១៧-១៨ ៤:១៥)។ បើ​យើង​នៅ​តែ​ម្នាក់​ឯង នោះ​យើង​នឹង​ជាប់​នៅ​ក្នុង​អំពើ​បាប​របស់​យើង ដោយ​គ្មាន​ក្តី​សង្ឃឹម ប៉ុន្តែ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឈ្នះ​ការ​ល្បួង​ផង​ដែរ។ យើង​អាច “ដោះ” អំពើ​បាប​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត​របស់​ព្រះ​អង្គ​វិញ(១កូរិនថូស ១០:១៣)។—CINDY HESS KASPER