លោកយូសែបពី វើឌី(Guiseppi Verdi ឆ្នាំ ១៨១៣-១៩១០) គឺជាអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញ។ កាលគាត់នៅក្មេង គាត់មានចិត្តស្រេកឃ្លានការទទួលស្គាល់ពីអ្នកដទៃ ហើយការនេះក៏បានជំរុញគាត់ឲ្យខិតខំទាល់តែបានទទួលជោគជ័យ។ លោកវ៉រិន វៀស(Warren Wiersbe) បានសរសេរអំពីលោកយូសែបពីយ៉ាងដូចនេះថា “ពេលដែលលោកយូសែបពី ចាប់ផ្តើមការប្រគុំតន្រ្តីអូប៉េរ៉ា ជាលើកទី១ នៅទីក្រុងផ្លូរិន អ្នកនិពន្ធបទភ្លេងរូបនេះបានឈរនៅពីមុខមនុស្សជាច្រើន តែភ្នែករបស់គាត់បានបាញ់ទៅរកមុខរបស់មនុស្សម្នាក់គត់ ក្នុងចំណោមទស្សនិកជនទាំងឡាយ។ មនុស្សម្នាក់នោះគឺជាលោករ៉ូស៊ីនី(Rossini) ដែលជាអ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញបំផុត នៅសម័យនោះ។ គាត់មិនខ្វល់ថា មនុស្សម្នានៅក្នុងសាលមហោស្រពនោះនឹងអបអរសាទរ ឬចំអកឲ្យគាត់នោះទេ ព្រោះគាត់គ្រាន់តែចង់បានស្នាមញញឹម ពីកំពូលតន្រ្តីករម្នាក់នេះ ដែលជាការទទួលស្គាល់សមត្ថភាពរបស់គាត់។”
តើយើងកំពុងតែស្វែងរកការទទួលស្គាល់ ពីនរណា? ពីឪពុកម្តាយ? ពីចៅហ្វាយនាយ? ឬពីមនុស្សជាទីស្រឡាញ់? សម្រាប់សាវ័កប៉ុល គាត់មានចម្លើយតែមួយប៉ុណ្ណោះ។ គឺដូចដែលគាត់បានសរសេរថា “យើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ”(១ថែស្សាឡូនិច ២:៤)។
តើការស្វែងរកការទទួលស្គាល់ពីព្រះ មានន័យដូចម្តេច? យ៉ាងហោចណាស់ ការស្វែងរកការទទួលស្គាល់ពីព្រះ រាប់បញ្ចូលការពីរយ៉ាង។ ទីមួយ យើងត្រូវងាកចេញពីការប្រាថ្នាចង់បានការអបអរពីអ្នកដទៃ ហើយទីពីរ យើងត្រូវអនុញ្ញាតឲ្យព្រះវិញ្ញាណទ្រង់ កែប្រែយើងឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ ជាព្រះតែមួយ ដែលស្រឡាញ់យើង និងលះបង់ព្រះជន្មទ្រង់ សម្រាប់យើង។ កាលណាយើងចុះចូលនឹងគោលបំណងដ៏ឥតខ្ចោះ ដែលទ្រង់មានសម្រាប់ជីវិតយើង យើងអាចទន្ទឹងរង់ចាំថ្ងៃ ដែលយើងនឹងបានទទួលស្នាមញញឹមនៃការទទួលស្គាល់ពីព្រះអង្គ គឺការទទួលស្គាល់ពីព្រះ ដែលជាអង្គបុគ្គលសំខាន់បំផុត សម្រាប់យើង។—BILL CROWDER