អ្នក​និពន្ធ​ឈ្មោះ ហេនរី នូវែន(Henri Nouwen) បាន​រំឭក អំពី​ដំណើរ​កម្សាន្ត​របស់​គាត់ នៅ​សារៈ​មន្ទីរ​មួយ នៅ​ទីក្រុង​សេន ភីធ័រស្បឺក ប្រទេស​រូស្ស៊ី ដែល​នៅ​ទីនោះ គាត់​បាន​ចំណាយ​ពេល​រាប់​ម៉ោង ​នៅ​ក្នុង​ការ​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​ផ្ទាំង​គំនូរ​អំពី​កូន​ពៅ​វង្វេង ដែល​លោក​រេមប្រិន(Rembrandt)បាន​គូរ។ ខណៈ​ពេល​ដែល​ថ្ងៃ​កាន់​តែ​ជ្រេ ការ​ផ្លាស់​ប្តូរ​នៃ​ពន្លឺ​ធម្ម​ជាតិ ដែល​ចេញ​ពី​បង្អួច​ដែល​នៅ​ក្បែរ​នោះ បាន​នាំ​ឲ្យ​លោក​នូវែន​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​គាត់​មើលឃើញ​ផ្ទាំង​គំនូរ​កាន់​តែ​ច្រើន ចេញ​ពី​ផ្ទាំង​គំនូរ​តែ​មួយ​នោះ ដោយ​សារ​ការ​ផ្លាស់​ប្តូរ​នៃ​ពន្លឺ​ថ្ងៃ​នោះ។ ផ្ទាំង​គំនូរ​នីមួយ​ៗ​ហាក់​ដូច​ជា បង្ហាញ​នូវ​អត្ថ​ន័យ​នៃ​សេចក្តី​ស្រឡាញ់​របស់​បុរស​ជា​ឪពុក តាម​របៀប​ផ្សេង​ៗ​ពី​គ្នា គឺ​ក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​កូន​ប្រុស​ដែល​បាន​វង្វេង​ចេញ​នោះ។

លោក​នូវែន​ក៏​បាន​ពិពណ៌នា​ថា នៅ​ម៉ោង​ប្រហែល​៤​រសៀល គាត់​បាន​ឃើញ​រូប​មនុស្ស​បី​នាក់ ហាក់​ដូច​ជា​កំពុង “បោះ​ជំហាន​ទៅ​មុខ” នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ។ ក្នុង​ចំណោម​អ្នក​ទាំង​បី​នោះ ម្នាក់​ជា​កូន​ប្រុស​ច្បង ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ឪពុក​គាត់ ដែល​ព្រម​ស្វាគមន៍​កូន​ពៅ​វង្វេង​ត្រឡប់​មក​ផ្ទះ​វិញ។ តើ​កូន​ពៅ​នោះ​មិន​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ជា​ច្រើន បណ្តាល​ឲ្យ​ពួក​គេ​មាន​ការ​ឈឺចាប់ និង​ការ​ខ្មាស់​អៀន​យ៉ាង​ខ្លាំង​ទេ​ឬ?(លូកា ១៥:២៨-៣០)។

តួរ​អង្គ​ពីរ​នាក់​ទៀត បាន​ធ្វើ​ឲ្យ​លោក​នូវែន​នឹក​ចាំ អំពី​ពួក​អ្នក​ដឹក​នាំ​សាសនា ដែល​មាន​វត្ត​មាន នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មានបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​កូន​ពៅ​វង្វេង​នេះ។ ពួក​គេជា​អ្នក​ដែល​និយាយ​រិះ​គន់​ព្រះ​យេស៊ូវ ដោយសារ​ទ្រង់​រាប់​រក​មនុស្ស​មាន​បាប(ខ.១-២)។

លោក​នូវែន​បាន​មើល​ឃើញ​ខ្លួន​គាត់ នៅ​ក្នុង​តួរ​អង្គ​ទាំង​បី​នោះ គឺ​នៅ​ក្នុង​ជីវិត​របស់​កូន​ពៅ​ដែល​បង្ហិន​បង្ហោច​ និង​នៅ​ក្នុង​បង​ប្រុស និង​អ្នក​ដឹក​នាំ​សាសនា​ដែល​ចូល​ចិត្ត​ថ្កោល​ទោស​គេ ហើយ​នៅ​ក្នុង​តួរ​អង្គ​បុរស​ជា​ឪពុក ដែល​មាន​ចិត្ត​ស្រឡាញ់ និង​មេត្តាចំពោះ​មនុស្ស​គ្រប់​គ្នា។

ចុះ​ចំណែក​យើង​រាល់​គ្នា​វិញ?​ តើ​យើង​អាច​មើល​ឃើញ​ខ្លួន​យើង នៅ​ក្នុង​ផ្ទាំង​គំនូរ​របស់​លោក​រេមប្រិន​ឬ​ទេ? រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យើង គឺ​សុទ្ធ​តែ​និយាយ​អំពី​ខ្លួន​យើង តាម​របៀប​ណា​មួយ។ —MART DEHAAN