ការសិក្សាមួយ ត្រូវបានធ្វើឡើងដោយក្រុមបាម៉ា កាលពីឆ្នាំ២០១៨ រកឃើញថា ជនជាតិអាមេរិកភាគច្រើន មិនចូលចិត្តនិយាយអំពីព្រះទេ។ មានជនជាតិអាមេរិកតែ៧ភាគរយប៉ុណ្ណោះ ដែលនិយាយថា ពួកគេបានជជែកគ្នាអំពីបញ្ហាខាងព្រលឹងវិញ្ញាណជាទៀងទាត់ ហើយគ្រីស្ទបរិស័ទដែលអនុវត្តជំនឿរបស់ខ្លួននៅអាមេរិក ក៏មិនមានអ្វីខុសប្លែកពីនេះដែរ។ មានតែ៣០ភាគរយនៃអ្នកទៅព្រះវិហារទៀងទាត់ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេមានការសន្ទនាអំពីរឿងខាងព្រលឹងវិញ្ញាណ មួយសប្តាហ៍ម្តង។
គេប្រហែលជាមិនមានការភ្ញាក់ផ្អើលទេ ដែលការសន្ទនាគ្នា អំពីរឿងខាងព្រលឹងវិញ្ញាណ កំពុងតែមានការថយចុះ។ ការជជែកគ្នាអំពីព្រះ អាចនាំឲ្យមានគ្រោះថ្នាក់។ យើងអាចមានអារម្មណ៍ថា ការសន្ទនាប្រភេទនេះហាក់ដូចជាមានហានីភ័យខ្ពស់ ដោយសារច្បាប់បានហាមឃាត់ ឬដោយសារយើងខ្លាចមានជម្លោះនៅក្នុងទំនាក់ទំនង ឬក៏ដោយសារយើងមិនចង់និយាយអំពីចំណុចខ្វះខាត ដែលយើងចំាបាច់ត្រូវកែប្រែក្នុងជីវិតយើងជាដើម។
ប៉ុន្តែ តាមព្រះរាជបញ្ជាដែលបានបង្គាប់ប្រជាជនអ៊ីស្រាអែលដែលជារាស្រ្តរបស់ព្រះ នៅក្នុងកណ្ឌគម្ពីរចោទិយកថា ការជជែកគ្នាអំពីព្រះ អាចធ្វើជាផ្នែកធម្មតាមួយ នៃការរស់នៅប្រចាំថ្ងៃរបស់យើង។ រាស្រ្តរបស់ព្រះត្រូវតែទន្ទេញព្រះបន្ទូលព្រះឲ្យចាំ ហើយត្រូវដាក់តាំងព្រះបន្ទូលទ្រង់ នៅកន្លែងណាដែលពួកគេអាចមើលឃើញញឹកញាប់។ ពួកគេត្រូវបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅជំនាន់ក្រោយ ដោយនិយាយប្រាប់ក្នុងកាល ដែល “ពួកគេអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(១១:១៩)។
ព្រះជាម្ចាស់ត្រាស់ហៅយើង ឲ្យជជែកគ្នាអំពីរឿងខាងវិញ្ញាណ។ ចូរយើងស្វែងរកឱកាសជជែកគ្នា ដោយពឹងផ្អែកលើព្រះវិញ្ញាណ ហើយកែប្រែការនិយាយអំពីរឿងតូច ទៅជាការនិយាយស៊ីជម្រៅ អំពីរឿងខាងវិញ្ញាណ។ ព្រះជាម្ចាស់នឹងប្រទានពរដល់សហគមន៍របស់យើង ពេលណាយើងជជែកគ្នាអំពីព្រះបន្ទូលទ្រង់ ហើយអនុវត្តតាម។—AMY PETERSON