លោកគ្រូគង្វាល វ៉ាតសិន ចូន(Watson Jones) បានរំឭកអំពីពេលដែលគាត់រៀនជិះកង់ កាលនៅក្មេង។ ប៉ារបស់គាត់បានដើរទន្ទឹមនឹងគាត់ ដើម្បីជួយទប់កង់របស់គាត់ ពេលដែលគាត់កំពុងតែជិះវា។ ពេលគាត់បានឃើញក្មេងស្រីមួយចំនួន កំពុងតែអង្គុយនៅរៀនហាលមុខផ្ទះ គាត់ក៏បានប្រាប់ប៉ារបស់គាត់ថា គាត់អាចជិះដោយខ្លួនឯងបាន។ គាត់គិតខុសហើយ។ គាត់មិនបានដឹងទេថា គាត់មិនទាន់ចេះទប់លំនឹងកង់ ដោយគ្មានជំនួយពីប៉ារបស់គាត់។ គាត់មិនទាន់ពេញវ័យ ដូចដែលគាត់បានគិតនោះទេ។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ក៏សព្វព្រះទ័យឲ្យយើងចម្រើនវ័យធំឡើង ហើយ “ពេញវ័យ ដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(អេភេសូរ ៤:១៣)។ ប៉ុន្តែ ការពេញវ័យខាងវិញ្ញាណ គឺមានភាពខុសប្លែកពីការពេញវ័យខាងរូបកាយ។ ឪពុកម្តាយចិញ្ចឹមកូន ឲ្យមានម្ចាស់ការលើខ្លួនឯង ឲ្យអាចរស់ដោយខ្លួនឯងបាន។ ប៉ុន្តែ ព្រះវរបិតានៃយើងបានចិញ្ចឹមយើង ឲ្យចេះពឹងផ្អែកលើព្រះអង្គកាន់តែខ្លាំងឡើង ជារៀងរាល់ថ្ងៃ ។
នៅដើមដំបូងនៃសំបុត្ររបស់លោកពេត្រុស គាត់បាននិយាយអំពីព្រះគុណ និងសន្តិភាព ដែលយើងអាចទទួលបានតាមរយៈការស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់ ហើយនៅចុងបញ្ចប់នៃសំបុត្រនោះ គាត់បានជំរុញយើង ឲ្យ “ចម្រើនវ័យធំឡើង” នៅក្នុង “ព្រះគុណ និងការស្គាល់ព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះនៃយើង”(២ពេត្រុស ១:២ ៣:១៨)។ គ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ គឺមិនដែលឈប់ត្រូវការព្រះយេស៊ូវនោះឡើយ។
លោកវ៉ានសិនបានដាស់តឿនថា អ្នកខ្លះរវល់តែរុញព្រះហស្តព្រះយេស៊ូវចេញ ពីចង្កូតនៃជីវិតរបស់ខ្លួន”។ យើងហាក់ដូចជាគិតថា យើងមិនត្រូវការឲ្យព្រះហស្តដ៏រឹងមាំរបស់ទ្រង់ទប់យើងឲ្យជាប់ និងលើកយើងឡើង ហើយឱបយើង ពេលដែលយើងរេចង្កូតដួល។ យើងមិនអាចលូតលាស់ ដោយឈប់ពឹងផ្អែកលើព្រះគ្រីស្ទបានឡើយ។ យើងអាចលូតលាស់ទៅបាន ដោយចាក់ឫសចូលកាន់តែជ្រៅ ទៅក្នុងព្រះគុណ និងការស្គាល់ទ្រង់។—MIKE WITTMER