សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​នៅ​ក្នុង​ព្រះ​រាជ​វាំង​មួយ។​ យើង​ឃើញ​ស្តេច​ដ៏​មាន​អំណាច​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក។ ទ្រង់​មាន​អ្នក​បម្រើ និង​កង​ការពារ​ឆ្វេង​ស្តាំ ដោយ​ម្នាក់​ៗ​ខំ​សម្តែង​ចេញ​នូវ​អាកប្ប​កិរិយា​ឲ្យ​បាន​ល្អ​បំផុត។ ឧបមាថា មាន​ប្រអប់​មួយ នៅ​ទៀប​ជើង​ស្តេច។ ស្តេច​ក៏​បាន​លូក​ព្រះ​ហស្ត​ចូល​ទៅ​ក្នុង​ប្រអប់​នោះ​ជា​ញឹក​ញប់ ដើម្បី​រាវ​វត្ថុ​ដែល​នៅ​ខាង​ក្នុង។ ​តើ​ក្នុង​ប្រអប់​នោះ​មាន​របស់​អ្វី? គឺ​វា​មាន​គ្រឿង​អលង្កា មាស ត្បូង ដែល​ស្តេច​ចូល​ចិត្ត។ ប្រអប់​នោះ​ផ្ទុក​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ ដែល​ស្តេច​បាន​ជ្រើស​រើស ដែល​នាំ​ឲ្យ​ទ្រង់​សប្បាយ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង។ តើ​រឿង​នេះ​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ?

ក្នុង​ភាសា​ហេព្រើរ គេ​ប្រើ​ពាក្យ សេគូឡាហ៍  ដែល​មាន​ន័យ​ថា​ “របស់​ទ្រព្យដ៏​ពិសេស”។ គេ​បាន​ប្រើ​ពាក្យ​នេះ នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ចាស់ (ដែល​មាន​ដូច​ជា និក្ខមនំ ១៩:៥ ចោទិយកថា ៧:៦ និង ទំនុកដំកើង ១៣៥:៤) សំដៅ​ទៅ​លើ​ប្រជាជាតិ​អ៊ីស្រាអែល​។ ប៉ុន្តែ ពាក្យ​ដដែល​នេះ ក៏​ត្រូវ​បាន​សាវ័ក​ពេត្រុស​ប្រើ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ។ ដែល​ក្នុង​នោះ ​គាត់​បាន​ប្រើ​ពាក្យ​នេះ ដើម្បី​ពិពណ៌នា​ អំពី​ “រាស្រ្ត​របស់​ព្រះ” ដែល​បាន “ទទួល​សេចក្តី​មេត្តា”(ខ.១០) គឺ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​រាប់​បញ្ចូលទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ​ផង​ដែរ។ ហើយ​គាត់​បាន​ពិពណ៌នា​ថា គ្រីស្ទ​បរិស័ទ គឺ​ជា​រាស្រ្ត​ដ៏​ជាកេរ្តិ៍​អាករ ​ឬជា​ទ្រព្យ​សម្បត្តិ​ដ៏​ពិសេស​របស់​ព្រះ(ខ.៩)។

តើ​អ្នក​នឹង​មាន​ចិត្ត​រំភើប​រីក​រាយ​យ៉ាង​ណា ពេល​ដែល​បាន​ដឹង​ថា ព្រះ​ដែល​ជា​ស្តេច​នៃ​ស្ថាន​សួគ៌ ដ៏​មាន​អំណាច​ចេស្តា បាន​ចាត់ទុក​អ្នក​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ពិសេស​របស់​ទ្រង់។ ព្រះ​អង្គ​បាន​រំដោះ​អ្នក ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប និង​សេចក្តី​ស្លាប់។ ព្រះ​អង្គ​បាន​ប្រកាស់​ថា អ្នក​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់។ យើង​ជា​ទ្រព្យ​ដែល​ទ្រង់​ស្រឡាញ់ ហើយ​យើង​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់។—JOHN BLASÉ