សម្លេងស៊ីរ៉ែនបានលាន់ឮកាន់តែខ្លាំង ស្ទើរបែកក្រដាស់ត្រចៀក ខណៈពេលដែលរថយន្តសង្រ្គោះបន្ទាន់បានបើកវ៉ាឡានរបស់ខ្ញុំយ៉ាងលឿន។ ពន្លឺភ្លើងពណ៌ផ្លឹបភ្លែតៗដែលបានបាញ់ចេញពីឡាននោះ បានចាំងចូលកញ្ចក់ឡានរបស់ខ្ញុំ ហើយនៅចំហៀងឡាននោះ ខ្ញុំក៏បានឃើញអក្សរដែលគេបានបិទពីលើថា “សារធាតុគ្រោះថ្នាក់”។ ក្រោយមក ខ្ញុំក៏បានដឹងថា តាមពិត ឡានសង្រ្គោះបន្ទាន់នោះកំពុងតែប្រញាប់ទៅមន្ទីរពិសោធន៍វិទ្យាសាស្រ្តមួយ ដែលមានអាស៊ីតស៊ុលភើរិចកំពុងតែលិចចេញតាមស៊ីទែន ដែលមានចំណុះប្រហែល១៥០០លីត្រ។ ភ្នាក់ងារសង្រ្គោះបន្ទាន់ត្រូវតែប្រញាប់ទប់ទឹកអាស៊ីតឲ្យឈប់លិច ដោយសារវាមានសមត្ថភាពបំផ្លាញរបស់អ្វីក៏ដោយដែលប៉ះវា។
ខណៈពេលដែលខ្ញុំគិតអំពីពត៌មាននេះ ខ្ញុំក៏បានឆ្ងល់ថា តើមានរឿងអ្វីកើតឡើង បើសិនជាសម្លេងស៊ីរ៉ែនបន្លឺឡើង រៀងរាល់ពេលដែលពាក្យមិនត្រូវនិយាយបាន “លេចចេញ” ពីមាត់របស់ខ្ញុំនោះ? បើសិនជាដូច្នោះមែន ផ្ទះរបស់ខ្ញុំនឹងមានសម្លេងស៊ីរ៉ែនលាន់ទ្រហឹងជារៀងរាល់ថ្ងៃមិនខាន។
ហោរាអេសាយបានចែកចាយថា គាត់បានដឹងអំពីសណ្ឋាននៃអំពើបាបរបស់គាត់។ ពេលដែលគាត់បានឃើញសិរីល្អរបស់ព្រះ នៅក្នុងការបើកសម្តែង គាត់ក៏មានការសោកស្តាយយ៉ាងខ្លាំង បានជាគាត់គិតថា គាត់មិនមានភាពសក្តិសមទាល់តែសោះ។ គាត់បានទទួលស្គាល់ថា គាត់ជាមនុស្សមាន “បបូរមាត់មិនស្អាត” ដែលកំពុងរស់នៅជាមួយមនុស្ស ដែលមានបញ្ហាបបូរមាត់មិនស្អាតដូចគាត់ដែរ(អេសាយ ៦:៥)។ តែរឿងបន្ទាប់ ដែលកើតឡើងចំពោះគាត់ បាននាំឲ្យខ្ញុំមានក្តីសង្ឃឹម។ ទេវតាក៏បានយករងើកភ្លើងមកប៉ះបបូរមាត់គាត់ ហើយមានបន្ទូលថា “សេចក្តីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង(ខ.៧)។
ព្រះជាម្ចាស់បានប្រទានឲ្យយើងមានសេរីភាព នៅក្នុងការសម្រេចចិត្តជ្រើសរើសពាក្យសម្តី សម្រាប់និយាយ ក៏ដូចជាសរសេរ។ តើយើងនឹងសម្រេចប្រើពាក្យសម្តីមិនល្អ ដូច “សារធាតុដែលគ្រោះថ្នាក់” ឬយើងថ្វាយសិរីល្អ និងព្រះកិត្តនាមដល់ព្រះអង្គ នៅក្នុងពាក្យសម្តីទាំងអស់ ដែលយើងនិយាយ ឬសរសេរចេញមក? —JENNIFER BENSON SCHULDT