សម្លេង​ស៊ីរ៉ែន​បាន​លាន់​ឮ​កាន់​តែ​ខ្លាំង ស្ទើរ​បែក​ក្រដាស់​ត្រចៀក ខណៈ​ពេល​ដែល​រថយន្ត​សង្រ្គោះ​បន្ទាន់​បាន​បើក​វ៉ា​ឡាន​របស់​ខ្ញុំ​យ៉ាង​លឿន។ ពន្លឺ​ភ្លើង​ពណ៌​ផ្លឹប​ភ្លែត​ៗ​ដែល​បាន​បាញ់​ចេញ​ពី​ឡាន​នោះ បាន​ចាំង​ចូល​កញ្ចក់​ឡាន​របស់​ខ្ញុំ ហើយ​នៅ​ចំហៀង​ឡាន​នោះ ខ្ញុំ​ក៏​បាន​ឃើញ​អក្សរ​ដែល​គេ​បាន​បិទ​ពី​លើ​ថា “សារ​ធាតុ​គ្រោះ​ថ្នាក់”។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត ឡាន​សង្រ្គោះ​បន្ទាន់​នោះ​កំពុង​តែ​ប្រញាប់​ទៅ​មន្ទីរ​ពិសោធន៍​វិទ្យាសាស្រ្ត​មួយ ដែល​មាន​អាស៊ីត​ស៊ុលភើរិច​កំពុង​តែ​លិច​ចេញ​តាម​ស៊ីទែន ដែល​មាន​ចំណុះ​ប្រហែល​១៥០០​លីត្រ។ ភ្នាក់​ងារ​សង្រ្គោះ​បន្ទាន់​ត្រូវ​តែ​ប្រញាប់​ទប់​ទឹក​អាស៊ីត​ឲ្យ​ឈប់​លិច ដោយសារ​វាមាន​សមត្ថភាព​បំផ្លាញ​របស់​អ្វី​ក៏​ដោយ​ដែល​ប៉ះ​វា។

ខណៈ​ពេល​ដែល​ខ្ញុំ​គិត​អំពី​ពត៌​មាន​នេះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​រឿង​អ្វី​កើត​ឡើង​ បើ​សិន​ជា​សម្លេង​ស៊ីរ៉ែន​បន្លឺ​ឡើង​ រៀង​រាល់​ពេល​ដែល​ពាក្យ​មិន​ត្រូវ​និយាយ​បាន “លេច​ចេញ” ពី​មាត់​របស់​ខ្ញុំ​នោះ? បើ​សិន​ជា​ដូច្នោះ​មែន ផ្ទះ​របស់​ខ្ញុំ​នឹង​មាន​សម្លេង​ស៊ីរ៉ែន​លាន់​ទ្រហឹង​ជា​រៀង​រាល់​ថ្ងៃ​មិន​ខាន។

ហោរាអេសាយ​បាន​ចែក​ចាយ​ថា គាត់​បាន​ដឹង​អំពី​សណ្ឋាន​នៃ​អំពើ​បាប​របស់​គាត់។ ពេល​ដែល​គាត់​បាន​ឃើញ​សិរីល្អ​របស់​ព្រះ នៅ​ក្នុង​ការ​បើក​សម្តែង គាត់​ក៏​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង បាន​ជា​គាត់​គិត​ថា គាត់​មិន​មាន​ភាព​សក្តិ​សម​ទាល់​តែ​សោះ។ គាត់បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​មាន “បបូរ​មាត់​មិន​ស្អាត” ដែល​កំពុង​រស់​នៅ​ជា​មួយ​មនុស្ស ដែល​មាន​បញ្ហា​បបូរ​មាត់​មិន​ស្អាត​ដូច​គាត់​ដែរ(អេសាយ ៦:៥)។ តែ​រឿង​បន្ទាប់ ដែល​កើត​ឡើង​ចំពោះ​គាត់ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ក្តី​សង្ឃឹម។ ទេវតា​ក៏​បាន​យក​រងើក​ភ្លើង​មក​ប៉ះ​បបូរ​មាត់​គាត់ ហើយ​មាន​បន្ទូល​ថា “សេចក្តី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង(ខ.៧)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេរីភាព នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ពាក្យ​សម្តី សម្រាប់​និយាយ ក៏​ដូច​ជា​សរសេរ។ តើ​យើង​នឹង​សម្រេច​ប្រើ​ពាក្យ​សម្តី​មិន​ល្អ ដូច “សារ​ធាតុ​ដែល​គ្រោះ​ថ្នាក់” ឬ​យើង​ថ្វាយ​សិរីល្អ និង​ព្រះ​កិត្តនាម​ដល់​ព្រះ​អង្គ នៅក្នុង​ពាក្យ​សម្តី​ទាំង​អស់ ដែល​យើង​និយាយ ឬ​សរសេរ​ចេញ​មក? —JENNIFER BENSON SCHULDT