នៅក្នុងខ្សែវីដេអូយូធូបមួយ ខ្ញុំឃើញលោកអ័ឡិន គ្លូស្តហ្វ(Alan Glustoff) ដែលជាកសិករផលិតប្រូម៉ា នៅក្រុងហ្គូសេន រដ្ឋញូយ៉ក ពិពណ៌នា អំពីដំណើរការនៃការផលិតប្រូម៉ាដែលមានអាយុយូរខែ គឺជាដំណើរការមួយ ដែលបានបន្ថែមរស់ជាតិ និងពណ៌ដល់ប្រូម៉ា។ មុនពេលគេយកប្រូម៉ាទាំងនោះទៅលក់នៅទីផ្សា ដុំប្រូម៉ានីមួយៗ ត្រូវបានរក្សាទុកនៅលើធ្នើរ ក្នុងរូងក្រោមដី ពី៦ ទៅ១២ខែ។ នៅក្នុងកន្លែងដែលមានសំណើមច្រើនបែបនេះ គេបានថែរក្សាប្រូម៉ាទាំងនោះយ៉ាងប្រុងប្រយ័ត្ន។ លោកគ្លូស្តហ្វក៏បានពន្យល់ថា “យើងបានប្រឹតប្រៀនបំផុត ដើម្បីឲ្យពួកវាមានបរិយាកាសដ៏ត្រឹមត្រូវ សម្រាប់ការបង្កើនគុណភាពឲ្យកាន់តែប្រសើរ … ហើយដើម្បីឲ្យវាឈានទៅដល់សក្តានុពលដ៏ពិតប្រាកដរបស់ពួកវា”។
ចំណងចំណូលចិត្តដែលលោកគ្លូស្តហ្វមាន នៅក្នុងការអភិវឌ្ឍន៍សក្តានុពលរបស់ប្រូម៉ាទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះទ័យរបស់ព្រះ នៅក្នុងការអភិវឌ្ឍន៍ “សក្តានុពលដ៏ពិតប្រាកដ” របស់កូនទ្រង់ ដើម្បីឲ្យពួកគេមានផលផ្លែ និងពេញវ័យខាងវិញ្ញាណ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ សាវ័កប៉ុលបានពិពណ៌នា អំពីមនុស្សដែលចូលរួមនៅក្នុងដំណើរការនេះ ដែលមានដូចជា ពួកសាវ័ក ពួកគ្រូអធិប្បាយ គ្រូផ្សាយដំណឹងល្អ គ្រូគង្វាល និងគ្រូបង្រៀនព្រះបន្ទូល(ខ.១១)។ អស់អ្នកដែលមានអំណោយទានទំាងនោះ ជួយជំរុញអ្នកជឿម្នាក់ៗ ឲ្យមានការលូតលាស់ ក៏ដូចជាលើកទឹកចិត្តឲ្យមានការបម្រើ(គឺធ្វើការ ដែលបានលើកឡើងក្នុងខ.១២)។ គោលដៅរបស់ពួកគេ គឺដើម្បីឲ្យកូនរបស់ព្រះពេញវ័យខាងវិញ្ញាណ ដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ(ខ.១៣)។
ការលូតលាស់ខាងវិញ្ញាណកើតមាន តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលយើងចុះចូលនឹងដំណើរការរបស់ព្រះអង្គ ដែលជួយឲ្យយើងមានភាពពេញវ័យខាងវិញ្ញាណ។ ពេលណាយើងដើរតាមការដឹកនាំ របស់មនុស្សដែលទ្រង់បានដាក់ក្នុងជីវិតយើង យើងនឹងកាន់តែមានប្រសិទ្ធភាព នៅក្នុងការចេញទៅបម្រើ តាមព្រះទ័យទ្រង់។ —LINDA WASHINGTON