អ្នកវិទ្យាសាស្រ្តបានរកឃើញថា ភពផែនដីរបស់យើង ស្ថិតនៅចម្ងាយដ៏ត្រឹមត្រូវ ពីព្រះអាទិត្យ បានជាវាអាចទទួលផលប្រយោជន៍ពីកម្តៅរបស់ព្រះអាទិត្យ។ បើវាស្ថិតនៅចម្ងាយជិតជាងនេះ ទឹកទាំងអស់ នឹងត្រូវហួតអស់ គឺដូចភពសុក្រអញ្ចឹង។ តែបើវានៅឆ្ងាយជាងនេះ អ្វីៗទាំងអស់នឹងត្រូវកកដោយសារអាកាសធាតុត្រជាក់ជ្រុល គឺមិនខុសពីភពអង្គារឡើយ។ ផែនដីក៏មានទំហំធំល្មមនឹងអាចបង្កើតទំនាញផែនដីក្នុងកំរិតដ៏ត្រឹមត្រូវ។ បើវាមានទំនាញផែនដីតិចជាងនេះ អ្វីៗនឹងត្រូវបាត់បង់លំនឹង និងទម្ងន់ដូចនៅស្ថានព្រះច័ន្ទ តែបើវាមានទំនាញផែនដីខ្លាំងជាងនេះ នោះទំនាញផែនដីដ៏ខ្លាំងនោះ នឹងធ្វើឲ្យឧស្ម័នពុលជាប់នៅក្នុងស្រទាប់បរិយាកាសទៀបៗធ្វើឲ្យជីវិតទាំងអស់ត្រូវថប់ដង្ហើមស្លាប់ ដូចនៅភពព្រហស្បត្តិ៍។
ធាតុផ្សំផ្នែករូបសាស្រ្ត ផ្នែកគីមី និងជីវសាស្រ្តបានផ្សំគ្នា បង្កើតជាពិភពលោក ហើយសុទ្ធតែជាស្នាព្រះហស្តរបស់ព្រះអាទិករ ដែលមានប្រាជ្ញាដ៏ខ្ពស់បំផុត ដែលបានរៀបចំ និងរចនារបស់សព្វសារពើ។ យើងអាចដឹងអំពីភាពអស្ចារ្យនៃស្នាព្រះហស្តព្រះអង្គ ពេលដែលយើងស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះអង្គ ដែលមានន័យលើសការយល់ដឹងរបស់យើង។ គឺដូចដែលព្រះអង្គបានសួរលោកយ៉ូបថា “តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់?” “បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់ តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ”(យ៉ូប ៣៨:៤-៦)។
ជាងនេះទៅទៀត យើងក៏គួរតែដឹងផងដែរថា មហាសមុទ្រដ៏ធំមហិមារបានក្រាបនៅចំពោះព្រះអង្គដែល “បានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសំរាលចេញពីផ្ទៃម្តាយ … ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក និងទ្វារផង ដោយពាក្យថា ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន”(ខ.៨-១១)។ យើងអាចស្រែកច្រៀងសរសើរ ជាមួយផ្កាយទាំងឡាយនៅលើមេឃ និងបន្លឺសម្លេងដោយអំណរ ជាមួយពួកទេវតា ថ្វាយដល់ព្រះនៅស្ថានដ៏ខ្ពស់(ខ.៧) ដ្បិតព្រះអង្គបានបង្កើតពិភពលោកមកសម្រាប់យើងរាល់គ្នា ដើម្បីឲ្យយើងអាចស្គាល់ និងជឿព្រះអង្គ។—REMI OYEDELE