ពេល​ដែល​អ្នក​ស្រី​ដេនីស លេវើតូវ(Denis Levertov) ទើប​តែ​មាន​អាយុ​១២​ឆ្នាំ គាត់​ហ៊ាន​សរសេរ​បទ​កំណាព្យ​ផ្ញើ​ទៅ​លោកធីអេស អេលាត(T. S. Eliot) ដែល​ជា​អ្នក​និពន្ធ​បទ​កំណាព្យ​ដ៏​ឆ្នើម។ បន្ទាប់​មក គាត់​ក៏​បាន​រង់​ចាំ​ការ​ឆ្លើយ​តប។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ដែល​លោក​អេលាត​បាន​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ពីរ​ទំព័រ ផ្ញើ​មក​គាត់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ក្លាយជា​អ្នក​និពន្ធ​បទ​កំណាព្យ​ដ៏​ល្បី​ល្បាញ។ នៅ​ក្នុង​បុព្វកថា នៃ​កម្រង​បទ​កំណាព្យ​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា ទឹក​អូ និងត្បូង​កណ្តៀង គាត់​បាន​ពន្យល់​ថា កំណាព្យ​បាន “នាំ​គាត់​ឲ្យ​ផ្លាស់​ប្តូរ​ជំនឿ​ពី​អ្នក​មិន​ជឿ​ថា​មាន​ព្រះ ទៅ​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ”។ នៅ​ក្នុង​កំណាព្យ​ដែល​គាត់​បាន​និពន្ធ​នៅ​ពេល​ក្រោយ​មក​ទៀត (មាន​ចំណង​ជើង​ថា “ការ​ប្រកាស់”) គាត់​បាន​ពិពណ៌នា អំពី​ការចុះ​ចូល​ដែល​នាង​ម៉ារា​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់។ គាត់​បាន​កត់​សម្គាល់​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​បាន​បង្ខំ​នាង​ម៉ារា​ឡើយ តែ​នាង​បាន​ស្ម័គ្រ​ចិត្ត​ឲ្យ​ព្រះ​គ្រីស្ទ​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង។ ក្នុង​បទ​កំណាព្យ​នេះ ពាក្យ​មួយ​ឃ្លា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​ពាក្យ “ព្រះ​ទ្រង់​រង់​ចាំ”។

នៅ​ក្នុង​ការ​ពណ៌នា​អំពី​រឿង​របស់​នាង​ម៉ារា អ្នក​ស្រី​លេវីតូវ​បាន​យល់​អំពី​រឿង​របស់​ខ្លួន​ឯង​ផង​ដែរ។ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​បាន​រង់​ចាំ​គាត់ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់។ ព្រះ​អង្គ​មិន​ដែល​បង្ខំ​គាត់​ឡើយ។ ព្រះ​អង្គ​រង់​ចាំ។ លោក​អេសាយ​ក៏​បាន​ពន្យល់​អំពី​រឿង​ពិត​នេះ​ផង​ដែរ ដោយ​មាន​ប្រសាសន៍​ថា ព្រះ​ជា​ម្ចាស់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​ដ៏​ស្រទន់​របស់​ព្រះ​អង្គ​មក​លើ​ប្រជាជន​អ៊ីស្រាអែល។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ឯង ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិធម៌”(៣០:១៨)។ ព្រះ​អង្គ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បង្ហាញ​សេចក្តី​សប្បុរស​ដ៏​លើស​លប់ តែ​ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​ក៏​បាន​រង់​ចាំ ពួក​គេ​ស្ម័គ្រ​ចិត្តទទួល​អ្វី​ដែល​ព្រះ​អង្គ​ប្រទាន(ខ.១៩)។

ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ព្រះ​អាទិករ​នៃ​យើង ជា​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភព​លោក បាន​សម្រេច​ព្រះ​ទ័យ​រង់​ចាំ​យើង​ទទួល​ព្រះ​អង្គ ចូល​គង់​ក្នុង​ជីវិត​យើង។ ព្រះ​ជា​ម្ចាស់​ដែល​មាន​អំណាច​ដ៏​លើស​លប់ បាន​បន្ទាប​ព្រះ​កាយ ដោយ​ព្រះ​ទ័យ​អត់​ធ្មត់។ ព្រះ​ដ៏​បរិសុទ្ធ​ក៏​កំពុង​រង់​ចាំ​យើង​ផង​ដែរ។—WINN COLLIER