នៅពេលព្រឹកដ៏រងា ក្នុងអំឡុងដើមឆ្នាំសិក្សា ស្ទីហ្វិនក៏បានជួបគ្រោះថ្នាក់រថយន្តបុកគ្នា ដែលបានឆក់យកជីវិតគាត់យ៉ាងសោកសៅបំផុត។ ក្រោយមក ម្តាយ និងឪពុករបស់គាត់ក៏បានដឹងថា ហេតុអ្វីបានជាគាត់ត្រូវទៅសាលាពីព្រលឹម។ តាមពិត រៀងរាល់ពេលព្រឹក គាត់និងមិត្តភក្តិគាត់មួយចំនួន បានជួបជុំគ្នានៅក្លោងទ្វារសាលា ដើម្បីស្វាគមន៍សិស្សដទៃទៀត ដោយទឹកមុខញញឹម កាយវិការ និងពាក្យសម្តីដ៏សប្បុរស។ ការនេះបានធ្វើឲ្យសិស្សទាំងអស់ ក៏ដូចជាអ្នកដែលគេមិនសូវស្គាល់ មានអារម្មណ៍ថា បានទទួលការស្វាគមន៍ និងរាប់អានដ៏កក់ក្តៅ ។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ស្ទីហ្វិនចង់ចែករំលែកក្តីអំណររបស់គាត់ ជាមួយអ្នកដែលស្រេកឃ្លានក្តីអំណរ។ គំរូដ៏ល្អរបស់គាត់ បានរំឭកយើងថា កាយវិការដ៏សប្បុរស និងការស្វាគមន៍ដ៏កក់ក្តៅ ស្ថិតនៅក្នុងចំណោមវិធីដ៏ល្អបំផុត ដែលយើងអាចប្រើ ដើម្បីបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។
ក្នុងបទគម្ពីរម៉ាថាយ ៥:១៤-១៦ ព្រះយេស៊ូវបានបង្ហាញថា នៅក្នុងព្រះអង្គ យើងជា “ពន្លឺនៃលោកិយ” និងជា “ទីក្រុងនៅលើភ្នំ”(ខ.១៤)។ គេច្រើនតែសាងសង់ទីក្រុងបុរាណ ដោយប្រើថ្មម៉ាបពណ៌ស ដែលនាំឲ្យមានភាពលេចធ្លោខ្លាំង ពេលដែលពន្លឺថ្ងៃចែងចាំងមក។ ចូរយើងកុំលាក់កំបាំងខ្លួនឡើយ តែត្រូវបញ្ចេញពន្លឺ “ដល់អ្នកនៅក្នុងផ្ទះទាំងអស់គ្នា”(ខ.១៥)។
ហើយពេលណាយើង “ឲ្យពន្លឺរបស់យើង បានភ្លឺនៅពីមុខមនុស្សលោក”(ខ.១៦) សូមឲ្យពួកគេបានពិសោធន៍នឹងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលតែងតែស្វាគមន៍ពួកគេជានិច្ច។—DAVE BRANON