នៅ​ពេល​ព្រឹក​ដ៏​រងា ក្នុង​អំឡុង​ដើម​ឆ្នាំ​សិក្សា ស្ទីហ្វិន​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​រថយន្ត​បុក​គ្នា ដែល​បាន​ឆក់​យក​ជីវិត​គាត់​យ៉ាង​សោកសៅ​បំផុត។ ក្រោយ​មក ម្តាយ និង​ឪពុក​របស់​គាត់​ក៏​បាន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ទៅ​សាលា​ពី​ព្រលឹម។ តាម​ពិត រៀង​រាល់ពេល​ព្រឹក គាត់​និង​មិត្ត​ភក្តិ​គាត់​មួយ​ចំនួន បាន​ជួប​ជុំ​គ្នា​នៅ​ក្លោង​ទ្វារ​សាលា ដើម្បី​ស្វាគមន៍​សិស្ស​ដទៃ​ទៀត ដោយ​ទឹក​មុខ​ញញឹម​ កាយ​វិការ និង​ពាក្យ​សម្តី​ដ៏​សប្បុរស។ ការ​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស​ទាំង​អស់ ក៏​ដូច​ជា​អ្នក​ដែល​គេ​មិន​សូវ​ស្គាល់ មាន​អារម្មណ៍​ថា បាន​ទទួល​ការ​ស្វាគមន៍ និង​រាប់​អាន​ដ៏​កក់​ក្តៅ ។

ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ស្ទីហ្វិន​ចង់​ចែក​រំលែក​ក្តី​អំណរ​របស់​គាត់ ជា​មួយ​អ្នក​ដែល​ស្រេក​ឃ្លាន​ក្តី​អំណរ។ គំរូ​ដ៏​ល្អ​របស់​គាត់ បាន​រំឭក​យើង​ថា កាយ​វិការ​ដ៏​សប្បុរស និង​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ ស្ថិត​នៅ​ក្នុង​ចំណោម​វិធី​ដ៏​ល្អ​បំផុត ដែល​យើង​អាច​ប្រើ ដើម្បី​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៥:១៤-១៦ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ថា នៅ​ក្នុង​ព្រះ​អង្គ យើង​ជា “ពន្លឺ​នៃ​លោកិយ” និង​ជា “ទីក្រុង​នៅ​លើ​ភ្នំ”(ខ.១៤)។  គេ​ច្រើន​តែ​សាង​សង់​ទីក្រុង​បុរាណ ដោយ​ប្រើ​ថ្ម​ម៉ាប​ពណ៌ស​ ដែល​នាំ​ឲ្យ​មាន​ភាព​លេច​ធ្លោ​ខ្លាំង ពេល​ដែល​ពន្លឺ​ថ្ងៃចែង​ចាំង​មក។ ចូរ​យើង​កុំ​លាក់​កំបាំង​ខ្លួន​ឡើយ តែ​ត្រូវ​បញ្ចេញ​ពន្លឺ “ដល់​អ្នក​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា”(ខ.១៥)។

ហើយ​ពេល​ណា​យើង “ឲ្យ​ពន្លឺ​របស់​យើង បាន​ភ្លឺ​នៅ​ពី​មុខ​មនុស្ស​លោក”(ខ.១៦) សូម​ឲ្យ​ពួក​គេ​បាន​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​តែង​តែ​ស្វាគមន៍​ពួក​គេ​ជានិច្ច។—DAVE BRANON