ម្តាយរបស់លោកវ៉លលេស ស្ទេកន័រ(Wallace Stegner) បានលាចាកលោក ក្នុងអាយុ៨០ឆ្នាំ។ ពេលដែលលោកវ៉លលេសមានអាយុ៨០ឆ្នាំ ទីបំផុតគាត់ក៏បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅម្តាយគាត់ ទោះវាបានយឺតពេលទៅហើយក្តី។ នៅក្នុងសំបុត្រនោះ គាត់បានសរសើរចរិយាសម្បត្តិរបស់ម្តាយគាត់ដែលជាស្រ្តី បានរៀបការ និងចិញ្ចឹមកូនប្រុសពីរនាក់ ក្នុងភាពយ៉ាប់យឺនយ៉ាងខ្លាំង នៅភាគខាងលិចនៃសហរដ្ឋអាមេរិក។ ម្តាយរបស់គាត់ជាឧត្តមភរិយា និងម្តាយ ដែលចូលចិត្តលើកទឹកចិត្តអ្នកដទៃ ទោះពួកគេជាមនុស្សដែលគេមិនចង់រាប់អានក៏ដោយ។ លោកវ៉លលេសបាននឹកចាំ អំពីកម្លាំងដែលម្តាយរបស់គាត់បានបង្ហាញចេញមក តាមរយៈការបន្លឺសម្លេងច្រៀងសរសើរដំកើងព្រះ។ គឺដូចដែលលោកវ៉លលេសបានសរសេរថា “អ្នកម្តាយតែងតែស្វែងរកឱកាសច្រៀងសរសើរដំកើងព្រះជានិច្ច”។ ដរាបណាម្តាយរបស់គាត់នៅមានជីវិត ម្តាយរបស់គាត់បានបន្លឺសម្លេងច្រៀង ដោយការដឹងគុណព្រះ សម្រាប់ព្រះពរទាំងតូចទាំងធំ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានស្វែងរកឱកាសច្រៀងសរសើរដំកើងព្រះផងដែរ។ គាត់ច្រៀងនៅពេលដែលគាត់ជួបរឿងល្អ ក៏ដូចជានៅពេលដែលគាត់ជួបរឿងអាក្រក់។ គាត់មិនបានច្រៀងដោយបង្ខំចិត្ត តែគាត់បានច្រៀង ដោយចិត្តដែលចង់ ឆ្លើយតប ចំពោះ “ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី”(១៤៦:៦) និងបានប្រទានអាហារដល់អ្នកស្រេកឃ្លាន(ខ.៧) និង “ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ”(ខ.៨) ហើយ “បានចិញ្ចឹមក្មេងកំព្រា និងស្រ្តីមេម៉ាយ”(ខ.៩)។ ការច្រៀងសរសើរដំកើងព្រះ គឺជាទម្លាប់នៃការរស់នៅដ៏ល្អ ដែលជួយឲ្យយើងមានកម្លាំងឡើង ខណៈពេលដែលយើងទុកចិត្តលើព្រះរបស់លោកយ៉ាកុប ដែលមានព្រះទ័យស្មោះត្រង់ជារៀងរហូត(ខ.៥-៦)។
ដែលយើងមានសម្លេងពិរោះឬអត់ គឺមិនមែនជាបញ្ហាឡើយ។ អ្វីដែលសំខាន់នោះ គឺយើងច្រៀងដើម្បីឆ្លើយតប ចំពោះសេចក្តីល្អដ៏ស្ថិតស្ថេររបស់ព្រះជាម្ចាស់ ដែលជាទម្លាប់នៃការរស់នៅដ៏ល្អ។ សូមយើងច្រៀងសរសើរដំកើងព្រះ នៅក្នុងចិត្តយើងផងដែរ។—JOHN BLASE