មាន​ពេល​មួយ អេលដុន(Eldon) ដែល​ជា​ក្មេង​អាយុ​៥​ឆ្នាំ បាន​ស្តាប់​លោក​គ្រូ​គង្វាល​ជជែក​គ្នា អំពី​ព្រះ​យេស៊ូវ ដែល​បានយាង​ចុះ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី។ អេដុន​ក៏​បាន​ដក​ដង្ហើម​ធំ ពេល​ដែល​លោក​គ្រូ​គង្វាល​អធិស្ឋាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការសុគត ជំនួសយើង​រាល់​គ្នា។ ក្មេង​ប្រុស​ម្នាក់​នេះក៏​បាន​និយាយ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “អូហ៍​ទេ តើ​ព្រះ​អង្គ​សុគត​មែន​ឬ?”

ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​លើ​ផែនដី មាន​មនុស្ស​ដែល​ចង់​ឲ្យ​ព្រះ​អង្គ​សុគត។  ពួក​អ្នក​ប្រាជ្ញ​បាន​មក​ទី​ក្រុង​យេរូសាឡិម ក្នុង​អំឡុង​រាជ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​បាន​សួរ​គេ​ថា “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់”(ម៉ាថាយ ២:២)។ ពេលស្តេច​ហេរ៉ូឌ​ជ្រាប​អំពី​រឿង​នេះ ទ្រង់​ក៏​មាន​ការ​ភ័យ​ខ្លាច​ថា ថ្ងៃ​មួយ ព្រះ​យេស៊ូវ​នឹង​ដណ្តើម​រាជ​របស់​ទ្រង់​មិន​ខាន។ ហេតុ​នេះ​ហើយ ទ្រង់​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ នៅ​ភូមិ​បេថ្លេហិម ដែល​មាន​អាយុ​ចាប់​ពី​២​ឆ្នាំ​ចុះ​ក្រោម។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​ការ​ពារ​ព្រះ​រាជ​បុត្រា​ទ្រង់ ដោយ​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​មក​ដាស់​តឿន​ឪពុក​ម្តាយ​ទ្រង់ ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ។ ពួក​គេ​ក៏​បាន​ភាស​ខ្លួន ហើយ​ព្រះ​អង្គ​ក៏​បាន​រួច​ផុត​ពី​ការ​តាម​សម្លាប់​នៅ​ពេល​នោះ​(ខ.១៣-១៨)។

ព្រះ​យេស៊ូវ​ក៏​បាន​បញ្ចប់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​ដោយ​ជោគ​ជ័យ ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប​។ គេ​បាន​ចម្អក​ឲ្យ​ទ្រង់ ដោយ​ដាក់​ផ្លាក​ពី​លើ​ឈើ​ឆ្កាង​ទ្រង់ ដោយ​មាន​អក្សរ​សរសេរ​ថា “នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា”(២៧:៣៧)។ ប៉ុន្តែ ​បី​ឆ្នាំ​ថ្ងៃក្រោយ​មក ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ជ័យ​ជម្នះ។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​យាង​ត្រឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ព្រះ​អង្គ​បាន​គង់​នៅ​លើ​បល្ល័ង្ក ធ្វើ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច​(ភីលីព ២:៨-១១)។

ព្រះ​ដ៏​ជា​ស្តេច​បាន​សុគត ដើម្បី​លោះ​បាប​យើង​រាល់​គ្នា។ ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​សោយ​រាជ​លើ​ចិត្ត​របស់​យើង​ផង​ដែរ។—ANNE CETAS