ចាប់តាំងពីពេលដែលនាឡិការអេឡិចត្រូនិចត្រូវបានគេច្នៃបង្កើត ក្នុងទសវត្សរ៍ឆ្នាំ១៨៤០ អ្វីៗជាច្រើនមានការផ្លាស់ប្តូរ។ សព្វថ្ងៃនេះ យើងអាចមើលម៉ោង នៅក្នុងនាឡិការទំនើប ទូរស័ព្ទទំនើប និងនៅលើកំព្យូទ័រយួរដៃជាដើម។ ជីវិតរបស់មនុស្សហាក់ដូចជាបោះជំហានកាន់តែលឿនជាងមុន ជាក់ស្តែង អ្នករស់នៅ ក្នុងទីក្រុងរបស់បណ្តាប្រទេសជឿនលឿន បានមានទំលាប់ដើរដោយបោះជំហានកាន់តែលឿនជាងមុន។ អ្នកជំនាញបានអះអាងថា ការមានទំលាប់ដើរច្រើនមានប្រយោជន៍ដល់សុខភាព តែវាក៏មានផលអវិជ្ជមាន មកលើសុខភាពរបស់យើងផងដែរ។ លោកសាស្រ្តាចារ្យ រីឆាត វាយស៍មែន(Richard Wiseman) បានសង្កេតឃើញថា “យើងកំពុងតែផ្លាស់ទីកាន់តែលឿនជាងមុន ហើយក៏ប្រញាប់ឆ្លើយតបចំពោះអ្នកដទៃ ឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។ ការនេះបានជំរុញឲ្យយើងមានចិត្តអន្ទះសារចង់បានអ្វីៗភ្លាមៗ”។
លោកម៉ូសេ ជាអ្នកនិពន្ធទំនុកដំកើងដែលមានចំណាស់បំផុត ក្នុងព្រះគម្ពីរ។ គាត់ក៏បាននិយាយអំពីពេលវេលាផងដែរ។ គាត់បានរំឭកយើងថា ព្រះជាម្ចាស់គ្រប់គ្រងពេលវេលានៃជីវិតមនុស្សគ្រប់វិនាទី។ គឺដូចដែលគាត់បានសរសេរថា “ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ”(ទំនុកដំកើង ៩០:៤)។
ដូចនេះ អាថ៌កំបាំងនៃការគ្រប់គ្រងពេលវេលាឲ្យបានល្អ មិនស្ថិតនៅលើល្បឿននៃការបោះជំហាន ឲ្យបានលឿន ឬយឺតជាងមុននោះឡើយ។ តែដើម្បីគ្រប់គ្រងពេលវេលាបានល្អ យើងត្រូវនៅជាប់នឹងព្រះ ដោយចំណាយពេលជាមួយព្រះអង្គឲ្យកាន់តែច្រើន។ បន្ទាប់មក យើងត្រូវបោះជំហានជាមួយគ្នា តែជាដំបូងយើងត្រូវបោះជំហានជាមួយព្រះអង្គ ជាព្រះដែលបានបង្កើតយើងមក(១៣៩:១៣) ហើយជ្រាបអំពីគោលបំណង និងផែនការរបស់យើង(ខ.១៦)។
ពេលវេលាដែលយើងមាននៅលើផែនដីមិនស្ថិតស្ថេរទេ។ តែយើងអាចគ្រប់គ្រងវា ដោយប្រើប្រាជ្ញា មិនមែនដោយមើលនាឡិការជាប់ជានិច្ច តែដោយថ្វាយថ្ងៃនីមួយៗ ដល់ព្រះអង្គ។ គឺដូចដែលលោកម៉ូសេបានទូលសូមព្រះអង្គថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា” (៩០:១២)។ បន្ទាប់មក ពេលដែលយើងដើរជាមួយព្រះអង្គ នោះព្រះអង្គនឹងជួយឲ្យយើងធ្វើអ្វីៗ ត្រូវតាមពេលវេលា ក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត។—PATRICIA RAYBON