“រឿង​សម្លរ​ថ្ម” គឺ​ជា​រឿង​និទាន​ដ៏​ចំណាស់​មួយ ដែល​បាន​ដំណាល​ថា មាន​បុរស​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ភូមិ​មួយ ដោយ​មាន​ការ​ស្រេក​ឃ្លាន​អាហារ​យ៉ាង​ខ្លាំង ប៉ុន្តែ នៅ​ពេល​នោះ គ្មាន​នរណា​ម្នាក់​អាច​ចែក​អាហារ​ឲ្យ​គាត់ សូម្បី​តែ​បន្តិច។ គាត់​ក៏​បាន​បង់​ថ្ម​មួយដុំ​ចូល​ទៅ​ក្នុង​ទឹក នៅ​ក្នុង​ឆ្នាំ​ងមួយ ដែល​គាត់​បាន​ដាក់​ដាំ​នៅ​លើ​ភ្លើង។ អ្នក​ភូមិ​ក៏​មាន​ការ​ងឿង​ឆ្ងល់​ ហើយ​ក៏​បាន​មើល​គាត់​អង្គុយកូរ​សម្លរ​ថ្ម​របស់​គាត់។ ទី​បំផុត មាន​មនុស្ស​ម្នាក់​បាន​យក​ដំឡូង​បារាំង​ពីរ​បី​ផ្លែ មក​បង់​ក្នុង​ឆ្នាំង​នោះ​ដែរ។ មនុស្ស​ម្នាក់​ទៀត​ក៏​បាន​យក​ការ៉ុត​ពីរ​បី​ម៉ើម​មក​ដាក់​បន្ថែម​ទៀត។ បន្ទាប់​មក អ្នក​ផ្សេង​ទៀត​ក៏​បាន​មក​បន្ថែម​គ្រឿង​ឲ្យ​គាត់ ដោយ​ខ្លះ​មាន​ខ្ទឹម​បារាំង និង​ខ្លះ​ទៀត​មាន​អង្ករ​ពីរ​បី​ក្តាប់។ មាន​កសិករ​ម្នាក់​បាន​បរិច្ចាក​ទឹក​ដោះ​គោ​ខ្លះ​ៗ​ឲ្យ​គាត់​ផង​ដែរ។ ទី​បំផុត “សម្លរ​ថ្ម”របស់​គាត់ ​ក៏​បាន​ក្លាយ​ជា​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។

រឿង​និទាន​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​តម្លៃ​នៃ​ការ​ចែក​រំលែក ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា យើង​ត្រូវ​នាំ​យក​អ្វី​ដែល​យើង​មាន មក​ចែក​រំលែក​ដល់​អ្នក​ដទៃ ឬ​ថ្វាយ​ដល់​ព្រះ ទោះ​វា​ហាក់​ដូច​ជា​មិន​សំខាន់​ក៏​ដោយ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ៦:១-១៤ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាហារ​ជាប់​តាម​ខ្លួន។ ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ​មិន​ដឹង​ថា នឹង​ត្រូវ​យក​អាហារ​របស់​ក្មេង​ប្រុស​នោះ ដែល​មាន​នំប៉័ង​៥​ដុំ និង​ត្រី​ពីរ​កន្ទុយ ទៅ​ចែក​ដល់​ហ្វូង​មនុស្ស​យ៉ាង​ដូច​ម្តេច​ទេ។ ប៉ុន្តែ ពេល​ដែល​ក្មេង​ប្រុស​នោះ​លះ​បង់​អាហារ​នោះ​ដល់​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អាហារ​នោះ​កើន​ឡើង​ជា​ពហុគុណ ហើយ​ក៏​បាន​ប្រទាន​ដល់​មនុស្ស​រាប់​ពាន់​នាក់ ដែល​កំពុង​តែ​ឃ្លាន​អាហារ!​

ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា “អ្នក​មិន​ចាំ​បាច់​ត្រូវ​ស្វែង​រក​អាហារ​ឲ្យ​បាន​ច្រើន ដើម្បី​ចម្អែត​មនុស្ស​៥​ពាន់​នាក់​ឡើយ។ អ្នក​គ្រាន់​តែ​នាំយក​នំប៉័ង និង​ត្រី​ដ៏​តិច​តួច​របស់​អ្នក​មក​ថ្វាយ​ព្រះ​អង្គ​ប៉ុណ្ណោះ”។ ​គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​យក​អាហារ​របស់​មនុស្ស​ម្នាក់ ​ហើយ​ធ្វើ​ឲ្យ​វា​កើន​ឡើង​ជា​ពហុគុណ លើស​ពី​ការ​រំពឹង​គិត ឬ​ក្តី​ស្រមៃ​របស់​មនុស្ស​ជា​យ៉ាង​ណា(ខ.១១) នោះ​ព្រះ​អង្គ​ក៏​នឹងទទួល​យក​ការ​ប្រឹង​ប្រែង អំណោយ​ទាន និង​ការ​បម្រើ​របស់​យើង ដើម្បី​សម្រេច​កិច្ច​ការ​ដ៏​ធំ​ប្រសើរ​ផង​ដែរ។ ព្រះ​អង្គ​គ្រាន់​តែ​សព្វព្រះ​ទ័យ​នឹង​ឲ្យ​យើង​ស្ម័គ្រ​ចិត្ត​នាំ​យក​អ្វី​ដែល​យើង​មាន​មក​ថ្វាយ​ព្រះ​អង្គ​ប៉ុណ្ណោះ។—CINDY HESS KASPER