“រឿងសម្លរថ្ម” គឺជារឿងនិទានដ៏ចំណាស់មួយ ដែលបានដំណាលថា មានបុរសម្នាក់បានចូលទៅក្នុងភូមិមួយ ដោយមានការស្រេកឃ្លានអាហារយ៉ាងខ្លាំង ប៉ុន្តែ នៅពេលនោះ គ្មាននរណាម្នាក់អាចចែកអាហារឲ្យគាត់ សូម្បីតែបន្តិច។ គាត់ក៏បានបង់ថ្មមួយដុំចូលទៅក្នុងទឹក នៅក្នុងឆ្នាំងមួយ ដែលគាត់បានដាក់ដាំនៅលើភ្លើង។ អ្នកភូមិក៏មានការងឿងឆ្ងល់ ហើយក៏បានមើលគាត់អង្គុយកូរសម្លរថ្មរបស់គាត់។ ទីបំផុត មានមនុស្សម្នាក់បានយកដំឡូងបារាំងពីរបីផ្លែ មកបង់ក្នុងឆ្នាំងនោះដែរ។ មនុស្សម្នាក់ទៀតក៏បានយកការ៉ុតពីរបីម៉ើមមកដាក់បន្ថែមទៀត។ បន្ទាប់មក អ្នកផ្សេងទៀតក៏បានមកបន្ថែមគ្រឿងឲ្យគាត់ ដោយខ្លះមានខ្ទឹមបារាំង និងខ្លះទៀតមានអង្ករពីរបីក្តាប់។ មានកសិករម្នាក់បានបរិច្ចាកទឹកដោះគោខ្លះៗឲ្យគាត់ផងដែរ។ ទីបំផុត “សម្លរថ្ម”របស់គាត់ ក៏បានក្លាយជាអាហារដ៏ឈ្ងុយឆ្ងាញ់។
រឿងនិទាននេះបានឆ្លុះបញ្ចាំង អំពីតម្លៃនៃការចែករំលែក ប៉ុន្តែ វាក៏បានរំឭកយើងផងដែរថា យើងត្រូវនាំយកអ្វីដែលយើងមាន មកចែករំលែកដល់អ្នកដទៃ ឬថ្វាយដល់ព្រះ ទោះវាហាក់ដូចជាមិនសំខាន់ក៏ដោយ។ ក្នុងបទគម្ពីរយ៉ូហាន ៦:១-១៤ មានមនុស្សមួយហ្វូងធំបានដើរតាមព្រះយេស៊ូវ ហើយក្នុងចំណោមពួកគេ មានក្មេងប្រុសម្នាក់ដែលមានអាហារជាប់តាមខ្លួន។ ពួកសាវ័ករបស់ព្រះយេស៊ូវមិនដឹងថា នឹងត្រូវយកអាហាររបស់ក្មេងប្រុសនោះ ដែលមាននំប៉័ង៥ដុំ និងត្រីពីរកន្ទុយ ទៅចែកដល់ហ្វូងមនុស្សយ៉ាងដូចម្តេចទេ។ ប៉ុន្តែ ពេលដែលក្មេងប្រុសនោះលះបង់អាហារនោះដល់ព្រះយេស៊ូវ ព្រះអង្គបានធ្វើឲ្យអាហារនោះកើនឡើងជាពហុគុណ ហើយក៏បានប្រទានដល់មនុស្សរាប់ពាន់នាក់ ដែលកំពុងតែឃ្លានអាហារ!
ខ្ញុំធ្លាប់ឮគេនិយាយថា “អ្នកមិនចាំបាច់ត្រូវស្វែងរកអាហារឲ្យបានច្រើន ដើម្បីចម្អែតមនុស្ស៥ពាន់នាក់ឡើយ។ អ្នកគ្រាន់តែនាំយកនំប៉័ង និងត្រីដ៏តិចតួចរបស់អ្នកមកថ្វាយព្រះអង្គប៉ុណ្ណោះ”។ គឺដូចដែលព្រះយេស៊ូវបានទទួលយកអាហាររបស់មនុស្សម្នាក់ ហើយធ្វើឲ្យវាកើនឡើងជាពហុគុណ លើសពីការរំពឹងគិត ឬក្តីស្រមៃរបស់មនុស្សជាយ៉ាងណា(ខ.១១) នោះព្រះអង្គក៏នឹងទទួលយកការប្រឹងប្រែង អំណោយទាន និងការបម្រើរបស់យើង ដើម្បីសម្រេចកិច្ចការដ៏ធំប្រសើរផងដែរ។ ព្រះអង្គគ្រាន់តែសព្វព្រះទ័យនឹងឲ្យយើងស្ម័គ្រចិត្តនាំយកអ្វីដែលយើងមានមកថ្វាយព្រះអង្គប៉ុណ្ណោះ។—CINDY HESS KASPER