លោកអូម៉ាវូមី អេហ្វ៊ូយេ(Omawumi Efueye) បាននិពន្ធបទកំណាព្យដែលមានចំណងជើងថា កូននេះជាកូនស្ងួនភ្ងា ។ ក្នុងកំណាព្យនេះ គាត់បានសរសេរអំពីការដែលឪពុកម្តាយគាត់ប៉ុនប៉ងរំលូតគាត់ចោល មុនពេលគាត់ចាប់កំណើត។ បន្ទាប់ពីហេតុការណ៍ចម្លែកមួយចំនួន បានកើតឡើង ធ្វើឲ្យពួកគេមិនអាចរំលូតគាត់ចោល ពួកគេក៏បានសម្រេចចិត្តស្វាគមន៍កំណើតរបស់គាត់។ លោកអូម៉ាវូមីក៏បានដឹងថា ព្រះជាម្ចាស់បានការពារជីវិតគាត់ ហើយរឿងនេះក៏បានបណ្តាលចិត្តគាត់ឲ្យទៅធ្វើការបម្រើព្រះអង្គពេញពេល ដោយបោះបង់ចោលអាជីពដែលអាចរកប្រាក់កំរៃបានច្រើន។ សព្វថ្ងៃនេះ គាត់កំពុងតែដឹកនាំព្រះវិហារទីក្រុងឡុងដ៍ ដោយចិត្តស្មោះត្រង់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រជាជនអ៊ីស្រាអែល ដែលបានទទួលការការពារពីព្រះជាម្ចាស់ ក្នុងពេលដ៏គ្រោះថ្នាក់ ក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ។ ខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរកាត់វាលរហោស្ថាន បាឡាកដែលជាស្តេចនៃសាសន៍ម៉ូអាប់បានឃើញអស់ទាំងការដែលពួកអ៊ីស្រាអែលបានធ្វើ។ ទ្រង់ខ្លាចសាសន៍អ៊ីស្រាអែលលើកគ្នាដ៏ច្រើនសណ្ឋឹក មកវាយយកទឹកដីទ្រង់ បានជាទ្រង់ផ្ញើសារទៅលោកបាឡាម ឲ្យដាក់បណ្តាសារ មកលើសាសន៍អ៊ីស្រាអែល(ជនគណនា ២២:២-៦)។
ប៉ុន្តែ ហេតុការណ៍ដ៏អស្ចារ្យបានកើតឡើង។ ពេលណាលោកបាឡាមបើកមាត់ ដើម្បីដាក់បណ្តាសារ គាត់បែរជាឲ្យពរពួកគេទៅវិញ។ គាត់បានប្រកាស់ថា “ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ។ ទ្រង់មិនបានឃើញជាពួកយ៉ាកុបមានសេចក្តីទុច្ចរិតអ្វីទេ ក៏មិនឃើញជាមានសេចក្តីអាក្រក់ណានៅក្នុងពួកអ៊ីស្រាអែលដែរ ព្រះយេហូវ៉ា ជាព្រះនៃគេ ទ្រង់គង់នៅជាមួយនឹងគេ ក៏មានឮសំរែកនៃស្តេចនៅកណ្តាលពួកគេ។ ព្រះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកំឡាំងបែបដូចជាកំឡាំងនៃសត្វរមាស”(ជនគណនា ២៣:២០-២២)។ ព្រះជាម្ចាស់បានថែរក្សាសាសន៍អ៊ីស្រាអែល ឲ្យរួចផុតពីសង្រ្គាម ដែលពួកគេមិនបានដឹងសោះថា កំពុងតែឆាបឆេះ!
ព្រះជាម្ចាស់នៅតែមើលថែរាស្រ្តរបស់ព្រះអង្គជានិច្ច ទោះយើងអាចមើលឃើញគ្រោះថ្នាក់ ដែលនៅចំពោះមុខយើងឬអត់ក៏ដោយ។ ចូរយើងថ្វាយបង្គំ ដោយចិត្តដែលដឹងគុណ និងស្ញែងខ្លាច ចំពោះព្រះមួយអង្គ ដែលបានហៅយើងថា មនុស្សដ៏មានពរ។ —REMI OYEDELE