បន្ទាប់​ពី​លោកជីម អេលាត(Jim Elliot) និង​បេសកជន​បួន​នាក់​ទៀត ត្រូវ​កុល​សម្ព័ន្ធ​ហួអូរ៉ានី​សម្លាប់ កាល​ពី​ឆ្នាំ​១៩៥៦ គ្មាន​នរណា​ម្នាក់​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទៀត​ទេ។ អ្នក​ស្រី​អេលីហ្សាបិត​ដែល​ជា​ភរិយា​របស់​គាត់ និង​កូន​ស្រី​របស់​ពួក​គេ ព្រម​ទាំង​បង​ប្អូន​ស្រី ដែល​ជា​បេសកជន​ម្នាក់​ទៀត បាន​សម្រេច​ចិត្ត​រស់​នៅ ក្នុង​ចំណោម​ក្រុម​មនុស្ស ដែល​បាន​សម្លាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។ ពួក​គេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​ការ​រស់​នៅ ក្នុង​សហគមន៍​របស់​កុល​សម្ព័ន្ធ​ហួអូរ៉ានី ដោយ​រៀន​ភាសា​របស់​ពួក​គេ និង​បក​ប្រែ​ព្រះ​គម្ពីរ សម្រាប់​ពួក​គេ។ ទី​បន្ទាល់​នៃ​ការ​អត់​ទោស និង​សេចក្តី​សប្បុរស​របស់​ស្រ្តី​ទំាង​នេះ​បាន​ធ្វើ​ឲ្យ​កុល​សម្ព័ន្ធ​មួយ​នេះ ជឿ​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ពួក​គេ ហើយ​ជន​កុល​សម្ព័ន្ធ​ជា​ច្រើន​នាក់ ក៏​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្រ្គោះ។

អ្វី​ដែល​អ្នក​ស្រី​អេលីហ្សាបិត និង​មិត្ត​ភក្តិ​របស់​គាត់​បាន​ធ្វើ គឺ​ជា​គំរូ​ដ៏​អស្ចារ្យ នៃ​ការ​ធ្វើ​ការ​ល្អ តប​ស្នង​ការ​អាក្រក់ (រ៉ូម ១២:១៧)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម ​ឲ្យ​ធ្វើ​ការ​ល្អ ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​បាន​ប្រទាន​ក្នុង​ជីវិត​ពួក​គេ។ ហេតុ​អ្វី​បាន​ជា​គាត់​លើក​ទឹក​ចិត្ត​គេ​ឲ្យ​អនុវត្ត​ដូច​នេះ? ព្រោះ​ពួក​គេ​ត្រូវ​ជម្នះ​ចិត្ត​ពី​កំណើត ដែល​ចេះ​តែ​ចង់​សង​សឹក ហើយ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​ខ្មាំង​សត្រូវ​របស់​ពួក​គេ ដោយ​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ ដោយ​ផ្តល់​ឲ្យ​នូវ​អាហារ និង​ទឹក​ជា​ដើម។​

សាវ័ក​ប៉ុល​បាន​ដក​ស្រង់​បទ​គម្ពីរ​សុភាសិត នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ចែង​ថា “បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង”(ខ.២០ សុភាសិត ២៥:២១-២២)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​តែ​បង្ហាញ​ថា សេចក្តី​សប្បុរ​ស​ដែល​គ្រីស្ទបរិស័ទ​ផ្តល់​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្លួន អាច​ឈ្នះ​ចិត្ត​របស់​ពួក​គេ ហើយ​បញ្ឆេះ​ភ្លើង​នៃ​ការ​ប្រែ​ចិត្ត នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។​—ESTERA PIROSCA ESCOBAR