នៅ​ពិធី​បុណ្យ​សព​របស់​អតីត​ប្រធានា​ធិបតី​អាមេរិក លោក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លោក​អាឡាន ស៊ីមសិន(Alan Simpson)ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ស្អប់​ស៊ី​បំផ្លាញ​មនុស្ស​ណា ដែល​ទុក​វា​នៅ​ក្នុង​ចិត្ត”។ លោក​ស៊ីមសិន​បាន​ព្យាយាម​ពិពណ៌នា អំពី​សេចក្តី​សប្បុរស​របស់​មិត្ត​សំឡាញ់​ម្នាក់​នេះ ដោយ​រំឭក​ថា លោក​ប្រធានាធិបតី​ទី​៤១​រូប​នេះ​ បាន​ឱប​ក្រសោប​យក​ភាព​រីក​រាយ និង​សេចក្តី​ស្រឡាញ់ ជា​ជាង​រក្សា​ទុក​នូវ​សេចក្តី​សម្អប់ នៅ​ក្នុង​អាជីព​ជា​អ្នក​ដឹក​នាំ និង​ក្នុង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​លោក។​

ខ្ញុំ​ក៏​គិត​ដូច​គាត់​ដែរ ចុះ​ចំណែក​អ្នក​វិញ។ សេចក្តី​សម្អប់​ដែល​ខ្ញុំ​បាន​លាក់​ទុក​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ បាន​នាំឲ្យ​ខ្ញុំ​ទទួល​រង​នូវ​ការ​ខូច​ខាត​ជា​ច្រើន។

ការ​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត​បាន​បង្ហាញ​ថា រូប​កាយ​របស់​យើង​ទទួល​រង​នូវ​ការ​ខូច​ខាត​ជា​ច្រើន ពេល​ណា​យើង​ប្រកាន់​យក​នូវភាព​អវិជ្ជមាន ឬ​បញ្ចេញ​កំហឹង។ សម្ពាធ​ឈាម​របស់​យើង​ក៏​បាន​កើន​ឡើង។ បេះ​ដូង​យើង​លោត​កាន់​តែ​ញាប់។ វិញ្ញាណ​របស់​យើង​ក៏​ចុះ​ខ្សោយ។ ដូចនេះ​ សេចក្តី​សម្អប់​ដែល​យើង​បាន​ទុក​ក្នុង​ចិត្ត​យើង កំពុង​តែ​ស៊ី​បំផ្លាញ​យើង​ហើយ។

ក្នុង​បទ​គម្ពីរ​សុភាសិត ១០:១២ ស្តេច​សាឡូម៉ូន​បាន​សង្កេត​ឃើញ​ថា “ឯ​សេចក្តី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់ទែង​គ្នា តែ​សេចក្តី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស”។ ត្រង់​ចំណុច​នេះ ស្តេច​សាឡូម៉ូន​កំពុង​តែ​មាន​បន្ទូល​អំពី​ការទាស់​ទែង ដែល​កើត​ចេញ​ពី​សេចក្តី​សម្អប់ រវាង​កុល​សម្ព័ន្ធ និង​ជាតិ​សាសន៍​ទាំង​ឡាយ។ សេចក្តី​សម្អប់​នេះ​បាន​ជម្រុញ​ឲ្យ​មានការ​សង​សឹក បាន​ជា​អ្នក​ដែល​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក មិន​អាច​ភ្ជាប់​ទំនាក​ទំនង​គ្នា​បាន​ទេ។

ផ្ទុយ​ទៅ​វិញ សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​គ្រប​បាំង ឬ​ប្រទាន​ការ​អត់​ឱន​ទោស ទោះ​យើង​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ។ ការ​នេះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​មើល​រំលង​កំហុស ឬ​ចេះ​តែ​បណ្តោយ​គេ​ឲ្យ​ធ្វើ​ខុស​នោះ​ទេ។ ប៉ុន្តែ យើង​ត្រូវ​តែ​អត់​ឱន​ទោស​ឲ្យ​គេ ពេល​ដែល​គេ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ចំពោះ​កំហុស​របស់​ខ្លួន។ ប៉ុន្តែ បើ​គេ​នៅ​តែ​មិន​សុំ​ទោស​យើង នោះ​យើង​នៅ​តែ​ត្រូវ​អត់​ឱន​ទោស​ឲ្យ​គេ ដោយ​ជំនួយ​មក​ពី​ព្រះ​។ យើង​ដឹង​ថា ព្រះ​ទ្រង់​មាន​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ ហើយ​យើង​ក៏​ត្រូវ​យក​គំរូ​តាម​ព្រះ​អង្គ​ដោយ “​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។—ELISA MORGAN