នៅពិធីបុណ្យសពរបស់អតីតប្រធានាធិបតីអាមេរិក លោក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លោកអាឡាន ស៊ីមសិន(Alan Simpson)ដែលជាអតីតសមាជិកព្រឹទ្ធសភាអាមេរិកបានមានប្រសាសន៍ថា “សេចក្តីស្អប់ស៊ីបំផ្លាញមនុស្សណា ដែលទុកវានៅក្នុងចិត្ត”។ លោកស៊ីមសិនបានព្យាយាមពិពណ៌នា អំពីសេចក្តីសប្បុរសរបស់មិត្តសំឡាញ់ម្នាក់នេះ ដោយរំឭកថា លោកប្រធានាធិបតីទី៤១រូបនេះ បានឱបក្រសោបយកភាពរីករាយ និងសេចក្តីស្រឡាញ់ ជាជាងរក្សាទុកនូវសេចក្តីសម្អប់ នៅក្នុងអាជីពជាអ្នកដឹកនាំ និងក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក។
ខ្ញុំក៏គិតដូចគាត់ដែរ ចុះចំណែកអ្នកវិញ។ សេចក្តីសម្អប់ដែលខ្ញុំបានលាក់ទុកនៅក្នុងចិត្តរបស់ខ្ញុំ បាននាំឲ្យខ្ញុំទទួលរងនូវការខូចខាតជាច្រើន។
ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានបង្ហាញថា រូបកាយរបស់យើងទទួលរងនូវការខូចខាតជាច្រើន ពេលណាយើងប្រកាន់យកនូវភាពអវិជ្ជមាន ឬបញ្ចេញកំហឹង។ សម្ពាធឈាមរបស់យើងក៏បានកើនឡើង។ បេះដូងយើងលោតកាន់តែញាប់។ វិញ្ញាណរបស់យើងក៏ចុះខ្សោយ។ ដូចនេះ សេចក្តីសម្អប់ដែលយើងបានទុកក្នុងចិត្តយើង កំពុងតែស៊ីបំផ្លាញយើងហើយ។
ក្នុងបទគម្ពីរសុភាសិត ១០:១២ ស្តេចសាឡូម៉ូនបានសង្កេតឃើញថា “ឯសេចក្តីសំអប់ នោះបណ្តាលឲ្យកើតមានហេតុទាស់ទែងគ្នា តែសេចក្តីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស”។ ត្រង់ចំណុចនេះ ស្តេចសាឡូម៉ូនកំពុងតែមានបន្ទូលអំពីការទាស់ទែង ដែលកើតចេញពីសេចក្តីសម្អប់ រវាងកុលសម្ព័ន្ធ និងជាតិសាសន៍ទាំងឡាយ។ សេចក្តីសម្អប់នេះបានជម្រុញឲ្យមានការសងសឹក បានជាអ្នកដែលស្អប់គ្នាទៅវិញទៅមក មិនអាចភ្ជាប់ទំនាកទំនងគ្នាបានទេ។
ផ្ទុយទៅវិញ សេចក្តីស្រឡាញ់របស់ព្រះ បានគ្របបាំង ឬប្រទានការអត់ឱនទោស ទោះយើងបានធ្វើអ្វីខុសក៏ដោយ។ ការនេះមិនមានន័យថា យើងត្រូវមើលរំលងកំហុស ឬចេះតែបណ្តោយគេឲ្យធ្វើខុសនោះទេ។ ប៉ុន្តែ យើងត្រូវតែអត់ឱនទោសឲ្យគេ ពេលដែលគេពិតជាមានការសោកស្តាយចំពោះកំហុសរបស់ខ្លួន។ ប៉ុន្តែ បើគេនៅតែមិនសុំទោសយើង នោះយើងនៅតែត្រូវអត់ឱនទោសឲ្យគេ ដោយជំនួយមកពីព្រះ។ យើងដឹងថា ព្រះទ្រង់មានសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ហើយយើងក៏ត្រូវយកគំរូតាមព្រះអង្គដោយ “ស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”(១ពេត្រុស ៤:៨)។—ELISA MORGAN