រៀងរាល់ឆ្នាំ ក្នុងរដូវស្លឹកឈើជ្រុះ ពេលដែលសត្វអណ្តើកពណ៌ដឹងថា រដូវរងាជិតមកដល់ហើយ វាក៏បានជ្រមុជទៅបាតស្រះ ដោយកប់ខ្លួនវានៅក្នុងភក់។ ជើង និងក្បាលរបស់វាក៏បានលិបចូលទៅក្នុងស្នូក ហើយវាក៏នៅស្ងៀម ដោយចង្វាក់បេះដូងរបស់វាបានថយចុះ គឺស្ទើរតែលែងដើរ។ កម្តៅក្នុងខ្លួនរបស់វាក៏បានធ្លាក់ចុះ គឺគ្រាន់តែមានសីតុណ្ហភាពត្រជាក់លើសទឹកកកតែបន្តិចប៉ុណ្ណោះ។ វាក៏ឈប់ដកដង្ហើម ហើយក៏បាននៅរង់ចាំ។ វាក៏បាននៅកប់ក្នុងភក់អស់រយៈពេល៦ខែ ហើយរាងកាយរបស់វាក៏បានបញ្ចេញជាតិកាល់ស្យូមពីក្នុងឆ្អឹងចូលទៅក្នុងប្រព័ន្ធឈាមរបស់វា ដើម្បីឲ្យខ្លួនវាចុះស្គមយឺតៗ។
ប៉ុន្តែ ពេលដែលទឹកកក្នុងស្រះរលាយ វាក៏បានអណ្តែតមកខាងលើ ហើយចាប់ផ្តើមដកដង្ហើមឡើងវិញ។ ឆ្អឹងរបស់វានឹងលូតលាស់ឡើងវិញ ហើយវានឹងទទួលកម្តៅថ្ងៃ ដែលបានចាំងមកលើស្នូករបស់វា។
ខ្ញុំបាននឹកចាំ អំពីសត្វអណ្តើកពណ៌នេះ ពេលដែលខ្ញុំអានបទគម្ពីរទំនុកដំកើង ដែលបានពិពណ៌នា អំពីការរង់ចាំព្រះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានជាប់នៅក្នុងអន្លង់ភក់ស្អិត ប៉ុន្តែ ព្រះជាម្ចាស់បានស្តាប់ឮសម្រែករបស់គាត់(ទំនុកដំកើង ៤០:២)។ ព្រះជាម្ចាស់ក៏បានលើកគាត់ឡើង ហើយក៏បានប្រទានកន្លែងដ៏រឹងមាំ សម្រាប់ឲ្យគាត់ឈរ។ គាត់ក៏បានបន្លឺសម្លេងច្រៀងថា “ព្រះអង្គជាជំនួយ និងជាអ្នកប្រោសឲ្យទូលបង្គំរួច”(ខ.១៧)។
អ្នកប្រហែលជាកំពុងតែរង់ចាំការផ្លាស់ប្តូរ ទំាងពីយូរមកហើយ ដែលមានដូចជាទិសដៅថ្មី នៅក្នុងអាជីព ការផ្សះផ្សាទំនាក់ទំនង ការជម្នះទម្លាប់អាក្រក់ ឬរង់ចំាការរំដោះឲ្យរួចពីស្ថានភាពដ៏ពិបាកណាមួយ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានរំឭកយើងថា យើងត្រូវទុកចិត្តព្រះជាម្ចាស់ ដ្បិតព្រះអង្គស្តាប់ឮ ហើយព្រះអង្គនឹងរំដោះយើងឲ្យរួច។—AMY PETERSON