ថ្មី​ៗ​នេះ ភរិយា​របស់​លោក​គ្រូ​គង្វាល អេរិក ហ្វ៊ីតជើរ៉ល(Erik Fitzgerald) បាន​បាត់​បង់​ជីវិត នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​អ្នក​ពន្លត់​អគ្គី​ភ័យ​ម្នាក់​ងោក​ងុយ ដោយ​ភាព​ហត់​នឿយ​យ៉ាង​ខ្លាំង ពេល​បើក​បរ​ត្រឡប់​មក​ផ្ទះ​វិញ ហើយតុលា​ការ​ចង់​ដឹង​ថា តើ​គាត់​ចង់​ឲ្យ​បុរស​នោះ​ទទួល​ទោស​ឲ្យ​បាន​ធ្ងន់​បំផុត​ឬ​យ៉ាង​ណា? លោក​គ្រូ​គង្វាល​ក៏​បាន​សម្រេច​ចិត្ត​សម្តែង​ចេញ​នូវ​ការ​អត់​ឱន​ទោស គឺ​ដូច​ដែល​គាត់​បាន​និយាយ នៅ​ក្នុង​ការ​អធិប្បាយ​ជា​ញឹក​ញាប់ អំពី​ការ​អត់​ឱន​ទោស។ ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ទី​បំផុត បុរស​ទំាង​ពីរ​ក៏​បាន​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ ក្រោយ​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ដែល​មាន​សោកនាដ​កម្ម ឬ​រឿង​ដ៏​ឈឺ​ចាប់​កើត​ឡើង គឺ​យើង​មាន​ឱកាស​សម្រេច​ចិត្ត​ថា យើង​នឹង​បង្ហាញ​ចេញ​នូវ​ព្រះ​គុណ​ព្រះ ឬ​យើង​សង​សឹក​គេ”។

លោក​គ្រូ​គង្វាល​អេរីក បាន​បង្ហាញ​ចេញ​នូវ​ព្រះ​គុណ ដែល​គាត់​បាន​ទទួល​ពី​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​បាន​អត់​​ទោស​អំពើ​បាប​របស់​គាត់​ទាំង​អស់។ គំរូ​ដ៏​ល្អ​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ពាក្យ​ពេចន៍​របស់​ហោរា​មីកា ដែល​បាន​សរសើរ​ដំកើង​ព្រះ សម្រាប់​ការ​អត់​ទោស​បាប​ឲ្យ​យើង ពេល​ដែល​យើង​បាន​ធ្វើ​ខុស​ទាស់​នឹង​ទ្រង់​(មីកា ៧:១៨)។ ហោរា​មីកា​បាន​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​ពិពណ៌នា អំពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​អត់​ឱន​ទោស​ឲ្យ​រាស្រ្ត​ព្រះ​អង្គ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ទ្រង់​នឹង​មាន​សេចក្តី​អាណិតអាសូរ ដល់​យើង​រាល់​គ្នា​ទៀត ទ្រង់​នឹង​កំរាប​សេចក្តី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះបាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ”(ខ.១៩)។ នៅ​ថ្ងៃ​នោះ អ្នក​ពន្លត់​អគ្គី​ភ័យ​បាន​ទទួល​សេរីភាព​រួច​ពី​ទោស​កំហុស ដែល​គាត់បាន​ធ្វើ​ដោយ​អចេតនា គឺ​ប្រៀប​ដូច​ជា​ការ​ទទួល​អំណោយ​ដ៏​ពិសេស ដែល​នាំ​ឲ្យ​គាត់​ចូល​ទៅ​ជិត​ព្រះ​ជា​ម្ចាស់។

ទោះ​យើង​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ យើង​ត្រូវ​ដឹង​ថា ព្រះ​ជា​ម្ចាស់​តែង​តែ​ស្វាគមន៍​​យើង ចូល​ទៅ​ក្នុង​រង្វង់​ព្រះ​ពាហុ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​តែង​តែ​បើក​ចំហរ​ទទួល​យើង​ជា​និច្ច។​  ព្រះ​អង្គ​តែង​តែ​សព្វ​ព្រះ​ទ័យ នឹង​បង្ហាញ​ចេញ​នូវ​សេចក្តី​មេត្តា​កុរណា​ចំពោះ​យើង​ជា​និច្ច​(ខ.១៨)។ កាល​ណា​យើង​ទទួល​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​ចម្រើន​កម្លាំង​យើង ឲ្យ​អត់​ឱន​ទោស​អ្ន​កដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ គឺ​ដូច​ដែល​លោក​គ្រូ​គង្វាល​អេរិក​បាន​ធ្វើ​ជា​គំរូ​ស្រាប់​។—AMY BOUCHER PYE