មានជនល្បីឈ្មោះម្នាក់ ចូលចិត្តនិយាយវាយប្រហារត្រង់ៗ មកលើអ្នកជឿព្រះ។ គាត់មិនជឿថា ព្រះពិតជាមានមែនឡើយ ហើយក៏មិនចង់ឲ្យឪពុកម្តាយបង្រៀនកូន ឲ្យដើរតាមជំនឿ ឬសាសនារបស់ខ្លួន ព្រោះគាត់យល់ថា វាជាទង្វើរអសីលធម៌។ គាត់ថែមទាំងបានអះអាងថា ឪពុកម្តាយដែលនាំកូនឲ្យទទួលជឿព្រះ គឺកំពុងតែរំលោភសិទ្ធិកុមារ។ ទស្សនៈនេះមានភាពជ្រុលនិយម តែខ្ញុំក៏ធ្លាប់ឮឪពុកម្តាយខ្លះនិយាយប្រាប់ខ្ញុំថា ពួកគាត់មានការស្ទាក់ស្ទើរ នៅក្នុងការលើកទឹកចិត្តកូនៗរបស់ខ្លួន ឲ្យទទួលជឿព្រះ។ មនុស្សភាគច្រើនចង់ជះឥទ្ធិពលមកលើកូនរបស់ខ្លួន ដោយផ្តល់ឲ្យនូវទស្សនៈ ឬចំណេះដឹងល្អៗ ទាក់ទងនឹងរឿងនយោបាយ សុខភាព ឬកីឡាជាដើម ប៉ុន្តែ អ្នកខ្លះយល់ថា ឪពុកម្តាយមិនត្រូវផ្សព្វផ្សាយជំនឿសាសនារបស់ខ្លួន ដល់កូនឡើយ។
តែសម្រាប់គ្រីស្ទបរិស័ទវិញ ការនាំមនុស្សជំនាន់ក្រោយឲ្យស្គាល់ព្រះ គឺជាកិច្ចការដ៏ចាំបាច់។ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ គាត់បានរៀបរាប់ អំពីការដែលលោកធីម៉ូថេបានទទួលការបង្រៀនព្រះគម្ពីរ តាំងពីក្មេង ដែលនាំឲ្យគាត់មានប្រាជ្ញា ដែលនាំឲ្យគាត់ទទួលសេចក្តីសង្រ្គោះ តាមរយៈការទទួលជឿព្រះយេស៊ូវ គ្រីស្ទ(២ធីម៉ូថេ ៣:១៥)។
លោកធីម៉ូថេមិនបានទទួលជឿព្រះ ក្នុងវ័យយុវជន ដោយអំណាចខ្លួនឯង ដោយមិនបានទទួលជំនួយនោះឡើយ។ ផ្ទុយទៅវិញ ម្តាយរបស់គាត់បានអប់រំចិត្តគាត់ ឲ្យស្គាល់ព្រះ ហើយបន្ទាប់មក គាត់ក៏បាននៅជាប់ក្នុងការអ្វីដែលគាត់បានរៀននោះ(ខ.១៤)។ បើសិនជាព្រះជាម្ចាស់ ជាប្រភពនៃជីវិត និងប្រាជ្ញាដ៏ពិត នោះយើងចំាបាច់ត្រូវរៀនស្រឡាញ់ព្រះជាម្ចាស់ នៅក្នុងក្រុមគ្រួសាររបស់យើង។
មានប្រព័ន្ធនៃជំនឿជាច្រើន ដែលបានជិះឥទ្ធិពលមកលើក្មេងជំនាន់ក្រោយ។ ហើយជារៀងរាល់ថ្ងៃ ជំនឿរបស់យើងក៏បានទទួលឥទ្ធិពល ពីកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត តន្រ្តី គ្រូបង្រៀន មិត្តភក្តិ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ ចូរយើងកុំនៅស្ងៀមឡើយ។ កាលបើយើងបានស្គាល់ព្រះគុណ និងក្តីស្រឡាញ់របស់ព្រះហើយ នោះយើងគួរតែមានចិត្តចង់នាំក្មេងជំនាន់ក្រោយ ឲ្យងាកទៅរកព្រះជាម្ចាស់ផងដែរ។ —WINN COLLIER