មាន​ជន​ល្បី​ឈ្មោះ​ម្នាក់ ចូល​ចិត្ត​និយាយ​វាយ​ប្រហារ​ត្រង់​ៗ មក​លើ​អ្នក​ជឿ​ព្រះ។ គាត់​មិន​ជឿ​ថា ព្រះ​ពិត​ជា​មាន​មែន​ឡើយ ហើយ​ក៏​មិន​ចង់​ឲ្យ​ឪពុក​ម្តាយ​បង្រៀន​កូន ឲ្យ​ដើរ​តាម​ជំនឿ ឬ​សាសនា​របស់​ខ្លួន ព្រោះ​គាត់​យល់​ថា វា​ជា​ទង្វើរ​អសីលធម៌។  គាត់​ថែម​ទាំង​បាន​អះ​អាង​ថា ឪពុក​ម្តាយ​ដែល​នាំ​កូន​ឲ្យ​ទទួល​ជឿ​ព្រះ​ គឺ​កំពុង​តែ​រំលោភ​សិទ្ធិ​កុមារ។ ទស្សនៈ​នេះ​មាន​ភាព​ជ្រុល​និយម តែ​ខ្ញុំ​ក៏​ធ្លាប់​ឮ​ឪពុក​ម្តាយ​ខ្លះ​និយាយ​ប្រាប់​ខ្ញុំ​ថា ពួក​គាត់​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​លើក​ទឹក​ចិត្ត​កូន​ៗ​របស់​ខ្លួន ឲ្យ​ទទួល​ជឿ​ព្រះ។ មនុស្ស​ភាគ​ច្រើន​ចង់​ជះ​ឥទ្ធិ​ពល​មក​លើ​កូន​របស់​ខ្លួន ដោយ​ផ្តល់​ឲ្យ​នូវ​ទស្សនៈ ឬ​ចំណេះ​ដឹង​ល្អ​ៗ ទាក់​ទង​នឹង​រឿង​នយោបាយ សុខ​ភាព ឬ​កីឡា​ជា​ដើម ប៉ុន្តែ អ្នក​ខ្លះ​យល់​ថា ឪពុក​ម្តាយ​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​ជំនឿ​សាសនា​របស់​ខ្លួន ដល់​កូន​ឡើយ។

តែ​សម្រាប់​គ្រីស្ទ​បរិស័ទ​វិញ ការ​នាំ​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​ព្រះ គឺ​ជា​កិច្ចការ​ដ៏​ចាំ​បាច់។ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បានសរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​រៀប​រាប់ អំពី​ការ​ដែល​លោក​ធីម៉ូថេ​បាន​ទទួល​ការ​បង្រៀន​ព្រះ​គម្ពីរ តាំង​ពី​ក្មេង ដែល​នាំ​ឲ្យ​គាត់​មាន​ប្រាជ្ញា ដែល​នាំ​ឲ្យ​គាត់​ទទួល​សេចក្តី​សង្រ្គោះ តាម​រយៈ​ការ​ទទួល​ជឿ​ព្រះ​យេស៊ូវ គ្រីស្ទ(២ធីម៉ូថេ ៣:១៥)។

លោក​ធីម៉ូថេ​មិន​បាន​ទទួល​ជឿ​ព្រះ ក្នុង​វ័យ​យុវជន ដោយ​អំណាច​ខ្លួន​ឯង ដោយ​មិន​បាន​ទទួល​ជំនួយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ម្តាយ​របស់​គាត់​បាន​អប់​រំ​ចិត្ត​គាត់ ឲ្យ​ស្គាល់​ព្រះ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​នៅ​ជាប់​ក្នុង​ការ​អ្វី​ដែល​គាត់​បាន​រៀន​នោះ​(ខ.១៤)។ បើ​សិន​ជា​ព្រះ​ជា​ម្ចាស់ ជា​ប្រភព​នៃ​ជីវិត និង​ប្រាជ្ញា​ដ៏​ពិត នោះ​យើង​ចំា​បាច់​ត្រូវ​រៀន​ស្រឡាញ់​ព្រះ​ជាម្ចាស់ នៅ​ក្នុង​ក្រុម​គ្រួសាររបស់​យើង។

មាន​ប្រព័ន្ធ​នៃ​ជំនឿ​ជា​ច្រើន ដែល​បាន​ជិះ​ឥទ្ធិ​ពល​មក​លើ​ក្មេង​ជំនាន់​ក្រោយ។ ហើយជា​រៀង​រាល់​ថ្ងៃ ជំនឿ​របស់​យើង​ក៏​បានទទួល​ឥទ្ធិ​ពល ពី​កម្ម​វិធី​ទូរទស្សន៍ ខ្សែ​ភាព​យន្ត តន្រ្តី គ្រូ​បង្រៀន មិត្ត​ភក្តិ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ដើម។ ចូរ​យើង​កុំ​នៅ​ស្ងៀម​ឡើយ។ កាល​បើ​យើង​បាន​ស្គាល់​ព្រះ​គុណ និង​ក្តី​ស្រឡាញ់​របស់​ព្រះ​ហើយ នោះ​យើង​​គួរ​តែ​មាន​ចិត្ត​​ចង់​នាំ​ក្មេង​ជំនាន់​ក្រោយ ឲ្យ​ងាក​ទៅ​រក​ព្រះ​ជា​ម្ចាស់​ផង​ដែរ។ —WINN COLLIER