កាល​ពី​ឆ្នាំ​១៩១៨ ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​១​ជិត​ចប់ លោក​អេរិក អេនស្រ្តម(Eric Enstrom) ដែល​ជា​ជាង​ថត បាន​ប្រមូល​រូប​ថត​ដែល​គាត់​បាន​ថត ក្នុង​ពេល​កន្លង​មក។ គាត់​ចង់​រាប់​បញ្ចូល​ទាំង​រូប​ថត ដែល​ឆ្លុះ​បញ្ចាំង អំពី​អត្ថ​ន័យ​នៃ​ភាព​ពេញ​លេញ នៅ​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា កំពុង​តែ​មាន​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង។ សព្វ​ថ្ងៃ​នេះ​ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​រូប​ថត​គាត់​ណាស់។ ក្នុង​រូប​ថត​នោះ គេ​ឃើញ​រូប​តា​ចាស់​ម្នាក់​ដែល​មាន​ពុក​មាត់​ស្រម៉ូម កំពុង​តែ​អង្គុយ​ឈ្ងោក ហើយ​ដៃសង្រួម​ចូល​គ្នា ដើម្បី​អធិស្ឋាន។ នៅ​ពី​មុខ​គាត់ គឺ​គ្មាន​អ្វី​ក្រៅ​ពី​សៀវ​ភៅ​មួយ​ក្បាល វ៉ែន​តា​មួយ​ បបររាវ​ៗ​មួយ​ចាន នំប៉័ង​មួយ​ដុំ និង​កាំបិត​មួយ។ ពោល​គឺ​គាត់​មាន​តែ​ប៉ុណ្ណឹង​ឯង។

អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា រូប​ថត​នេះ​បាន​បង្ហាញ​ពី​ភាព​ខ្វះ​ខាត។ ប៉ុន្តែ លោក​អេស្រ្តម​ចង់​បង្ហាញ​អត្ថ​ន័យ​ដែល​ផ្ទុយ​ពីនេះ។ គាត់​ចង់​ប្រាប់​គេ​ថា បុរស​នោះ​កំពុង​តែ​មាន​ជីវិត​រស់​នៅ​ដ៏​ពេញ​លេញ ដោយ​សារ​គាត់​មាន​ជីវិត​ដែល​ដឹង​គុណ​ព្រះ​សម្រាប់​គ្រប់ការ​ទាំង​អស់។ យើង​ក៏​អាច​មាន​ជីវិត​ដូច​គាត់​ផង​ដែរ ទោះ​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​បែប​ណា​ក៏​ដោយ។ ព្រះ​យេស៊ូវ​បាន​ប្រកាស់​ដំណឹង​ល្អ នៅ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១០​ថា ព្រះ​អង្គ​បាន​យាង​មក​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដែល​ពេញ​បរិបូរ(ខ.១០)។ កាល​ណា​យើង​គិត​ថា ភាព​ពេញ​លេញ​នោះ គឺ​ជា​ការ​មាន​ទ្រព្យសម្បត្តិ​ច្រើន នោះ​មាន​ន័យ​ថា​យើង​កំពុង​តែ​មាន​ការ​យល់​ខុស ចំពោះ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ហើយ។ ភាព​ពេញ​លេញ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នេះ គឺ​មិន​អាច​វាស់ តាម​ស្តង់​ដា​របស់លោកិយ ដែល​មាន​ដូច​ជា​ភាព​សម្បូរ​សប្បាយ ឬ​អចលន​ទ្រព្យ​នោះ​ឡើយ ប៉ុន្តែ ត្រូវ​វាស់​ស្ទង់​តាម​ផ្លូវ​ចិត្ត គំនិត វិញ្ញាណ និងកម្លាំង​ដែល​ចម្រើន​ឡើង ដោយ​ការ​ដឹង​គុណ ចំពោះ​ព្រះ​ដែល​ជា​អ្នក​គង្វាល​ដ៏​ល្អ ដែល​បាន​លះ​បង់ “ព្រះ​ជន្ម​ទ្រង់ ​សម្រាប់​ចៀម”(ខ.១១) ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង និង​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​យើង។ ជីវិត​ពេញ​បរិបូរ គឺ​ជា​ជីវិត​ដែល​អរសប្បាយ​នឹង​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ ដែល​យើង​ម្នាក់​ៗ​សុទ្ធ​តែ​អាច​មាន។—JOHN BLASÉ