ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​រក​បាន​ភាជនៈដី​ចាស់​ៗ​មួយ​ចំនួន។ ភាជនៈ​ដី​បុរាណ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ត្រូវ​បាន​គេ​ជីក​រក​ឃើញ នៅ​កន្លែង​មួយ ដែល​មាន​អាយុ​កាល តាំង​ពី​សម័យ​លោក​អ័ប្រាហាំ។ យ៉ាង​ហោច​ណាស់​ មាន​ភាជនៈ​បុរាណ​មួយ ក្នុង​ផ្ទះ​ខ្ញុំ ដែលមាន​ចំណាស់​ជាង​នេះ​ទៀត ។ ​វា​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចង់​មើល​ទេ ព្រោះ​វា​ប្រឡាក់ មាន​ស្នាម​ប្រេះ ឆែប និង​ត្រូវ​ការ​ការ​សម្អាត​ឲ្យ​បាន​ល្អ។ ខ្ញុំ​បាន​រក្សា​វា​ទុក​ក្នុង​ផ្ទះ​ខ្ញុំ ដើម្បី​រំឭក​ខ្ញុំ​ថា ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ដែល​កើត​ពី​ដី​ឥដ្ឋ​ប៉ុណ្ណោះ។ ខ្ញុំ​ជា​ភាជនៈ​ ដែល​មាន​ភាព​ផុយ​ស្រួយ និង​ទន់​ខ្សោយ តែ​នៅ​ក្នុង​ខ្ញុំ គឺ​មាន​ព្រះយេស៊ូវ ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ​ឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ”(២កូរិនថូស ៤:៧)។

សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(ខ.៨-៩)។ ត្រង់​ចំណុច​នេះ គាត់​ប្រៀប​ដូច​ជា​ភាជនៈ​ដែល​ទទួល​រង​សម្ពាធ ដែល​មាន​ដូច​ជា ការ​សង្កត់​សង្កិន សេចក្តី​វិល​វល់ ការ​ដែល​គេ​ធ្វើ​ទុក្ខ​ និង​វាយ​ដួល​ស្តូក​ជា​ដើម ។ នេះ​ជា​សម្ពាធ​ដែល​ភាជនៈ​ត្រូវ​តែ​ទទួល​រង។ តែ​ដោយសារ​យើង​បាន​ទទួល​កម្លាំង​ជួយ​ទប់​ទល់​ពី​ព្រះយេស៊ូវ នោះ​យើង មិន​ទ័ល​ផ្លូវ មិន​ទ័ល​គំនិត មិន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង និង​មិន​ស្លាប់​ទេ។

សាវ័ក​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា “យើង​ខ្ញុំ​ផ្ទុក​សេចក្តី​សុគត​នៃ​ព្រះអម្ចាស់យេស៊ូវ នៅ​ក្នុង​រូបកាយ​យើង​ខ្ញុំ​ជានិច្ច”(ខ.១០)។ បាន​សេចក្តី​ថា យើង​ត្រូវ​មាន​ចិត្ត​ដែល​ឈប់​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង តែ​ត្រូវ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅលើ​ភាព​គ្រប់​គ្រាន់ នៃ​ព្រះ​ដែល​គង់​នៅ​ក្នុង​យើង “ដើម្បី​ឲ្យ​ព្រះជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូបកាយ​យើង​ខ្ញុំ​ដែរ”(ខ.១០)។ នេះ​ជា​សម្រស់​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ឲ្យ​ឃើញ នៅ​ក្នុង​យើង ដែល​ជា​ភាជនៈ​ដ៏​ផុយ​ស្រួយ។—DAVID H. ROPER