កាលពីឆ្នាំ១៩១៨ ពេលដែលសង្រ្គាមលោកលើកទី១ជិតចប់ លោកអេរិក អេនស្រ្តម(Eric Enstrom) ដែលជាជាងថត បានប្រមូលរូបថតដែលគាត់បានថត ក្នុងពេលកន្លងមក។ គាត់ចង់រាប់បញ្ចូលទាំងរូបថត ដែលឆ្លុះបញ្ចាំង អំពីអត្ថន័យនៃភាពពេញលេញ នៅក្នុងពេលដែលមនុស្សជាច្រើនមានអារម្មណ៍ថា កំពុងតែមានការខ្វះខាតយ៉ាងខ្លាំង។ សព្វថ្ងៃនេះ មនុស្សជាច្រើនចូលចិត្តរូបថតគាត់ណាស់។ ក្នុងរូបថតនោះ គេឃើញរូបតាចាស់ម្នាក់ដែលមានពុកមាត់ស្រម៉ូម កំពុងតែអង្គុយឈ្ងោក ហើយដៃសង្រួមចូលគ្នា ដើម្បីអធិស្ឋាន។ នៅពីមុខគាត់ គឺគ្មានអ្វីក្រៅពីសៀវភៅមួយក្បាល វ៉ែនតាមួយ បបររាវៗមួយចាន នំប៉័ងមួយដុំ និងកាំបិតមួយ។ ពោលគឺគាត់មានតែប៉ុណ្ណឹងឯង។
អ្នកខ្លះប្រហែលជានិយាយថា រូបថតនេះបានបង្ហាញពីភាពខ្វះខាត។ ប៉ុន្តែ លោកអេស្រ្តមចង់បង្ហាញអត្ថន័យដែលផ្ទុយពីនេះ។ គាត់ចង់ប្រាប់គេថា បុរសនោះកំពុងតែមានជីវិតរស់នៅដ៏ពេញលេញ ដោយសារគាត់មានជីវិតដែលដឹងគុណព្រះសម្រាប់គ្រប់ការទាំងអស់។ យើងក៏អាចមានជីវិតដូចគាត់ផងដែរ ទោះយើងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ ព្រះយេស៊ូវបានប្រកាស់ដំណឹងល្អ នៅក្នុងបទគម្ពីរយ៉ូហាន ជំពូក១០ថា ព្រះអង្គបានយាងមកដើម្បីឲ្យយើងមានជីវិតដែលពេញបរិបូរ(ខ.១០)។ កាលណាយើងគិតថា ភាពពេញលេញនោះ គឺជាការមានទ្រព្យសម្បត្តិច្រើន នោះមានន័យថាយើងកំពុងតែមានការយល់ខុស ចំពោះដំណឹងល្អរបស់ព្រះអង្គហើយ។ ភាពពេញលេញដែលព្រះយេស៊ូវបានមានបន្ទូលនេះ គឺមិនអាចវាស់ តាមស្តង់ដារបស់លោកិយ ដែលមានដូចជាភាពសម្បូរសប្បាយ ឬអចលនទ្រព្យនោះឡើយ ប៉ុន្តែ ត្រូវវាស់ស្ទង់តាមផ្លូវចិត្ត គំនិត វិញ្ញាណ និងកម្លាំងដែលចម្រើនឡើង ដោយការដឹងគុណ ចំពោះព្រះដែលជាអ្នកគង្វាលដ៏ល្អ ដែលបានលះបង់ “ព្រះជន្មទ្រង់ សម្រាប់ចៀម”(ខ.១១) ហើយយកព្រះទ័យទុកដាក់ចំពោះយើង និងចំពោះសេចក្តីត្រូវការរបស់យើង។ ជីវិតពេញបរិបូរ គឺជាជីវិតដែលអរសប្បាយនឹងការប្រកបទាក់ទងជាមួយព្រះ ដែលយើងម្នាក់ៗសុទ្ធតែអាចមាន។—JOHN BLASÉ